(ម៉ូស្គូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៧នាក់ និងជាង ៥០នាក់ទៀតរងរបួសធ្ងន់-ស្រាល បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ ត្រូវបានចុចបំផ្ទុះជាមួយរថយន្ត ស្ថិតនៅចំកណ្តាលរដ្ឋធានីបាកដាដ របស់ប្រទេសអ៊ីរ៉ាក់នៅព្រឹកព្រហាមថ្ងៃអង្គារនេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ីនៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
តាមការផ្សាយរបស់ CNN ការផ្ទុះនោះបានកើតឡើង នៅពីមុនហាងលក់ការ៉េម នៅកណ្តាលទីក្រុងបាកដាដ នៅក្បែរទីលានមួយដែលមានឈ្មោះថា Hurriya។ ក្រុម ISIS ឬ Daesh បានចេញមុខអះអាងថា ជាអ្នកដែលស្ថិតនៅពីក្រោយការវាយប្រហារនេះ ខណៈដែលតំបន់រងគ្រោះ គឺត្រូវបានគេស្គាល់ថាជាទីតាំងដែលក្រុមអ្នកកាន់សាសនាអ៊ីស្លាមនីកាយ Shiite ចូលចិត្តប្រមូលផ្តុំ។
គួរបញ្ជាក់ថា ការបំផ្ទុះរថយន្តខាងលើនេះ ធ្វើឡើងដោយជនបំផ្ទុះអត្តឃាតម្នាក់ ហើយក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ក៏មានមន្ត្រីប៉ូលិសអ៊ីរ៉ាក់ ០២រូបផងដែរ។ គ្រាប់បែកបានបំផ្លាញរថយន្តចំនួន ០៨គ្រឿង និងអគារនានាដែលជុំវិញនោះ៕