(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតជាពិសេសមួយ ទៅលើការមកដល់នៃបរិក្ខារចំនួនបួនគ្រឿងនៃប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ដែលពុំមានការអនុញ្ញាតត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
យោងតាមរដ្ឋមន្រ្តីព័ត៌មាន លោក Yoon Young-chan បន្ទាប់ពីបានទទួលដំណឹងនេះពីប្រធានការិយាល័យសន្តិសុខជាតិ (NSO) លោក Chung Eui-yong លោក មូន ជែអ៊ីន បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបង្គាប់ឲ្យរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo ធ្វើការត្រួតពិនិត្យបញ្ជាក់ឡើងវិញ អំពីការមកដល់នៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរបស់ THAAD ទាំងបួនគ្រឿងនេះនៅក្នុងប្រទេស។ លោក Han បានសារភាពថា រូបលោកបានដឹងអំពីរឿងនេះ ដោយបរិក្ខារទាំងបួនគ្រឿងនោះ គឺជាការបន្ថែមទៅលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួនពីរគ្រឿងផ្សេងទៀត ដែលបានទទួលការអនុញ្ញាតត្រឹមត្រូវ ក៏ប៉ុន្តែក្រសួងការពារជាតិ មិនបានផ្តល់ដំណឹងនៃការមកដល់របស់បរិក្ខារបន្ថែមនេះ ទៅកាន់រដ្ឋាភិបាលថ្មី។
យ៉ាងណាមិញ លោក Yoon បានឲ្យដឹងថា «ប្រធានាធិបតី មូន ជែអ៊ីន បានបញ្ជាឲ្យរដ្ឋមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការស៊ីវិល និងប្រធាន NSO ស្វែងរកការពិតនៅពីក្រោយបញ្ហានេះ និងរកមុខអ្នកដែលផ្តល់សិទ្ធិអនុញ្ញាតនៃយកចូលជាសម្ងាត់ នៃសព្វាវុធអាមេរិកបន្ថែមនេះ ព្រមទាំងការមិនត្រូវបានរាយការណ៍ទៅកាន់រដ្ឋាភិបាលថ្មី ឬមួយក៏ប្រកាសឲ្យប្រជាពលរដ្ឋបានដឹង»។
គួរបញ្ជាក់ថា លោក មូន នៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ទោះបីជារូបលោកពុំទាន់បានចាត់វិធានការណាមួយ ប្រឆាំងទៅនឹងប្រព័ន្ធនេះ ដែលត្រូវបានដាក់តំឡើងនៅតំបន់ Seongju ភាគអាគ្នេយ៍ប្រមាណ ៣០០គីឡូម៉ែត្រ ពីរដ្ឋធានីសេអ៊ូលយ៉ាងណាក្តី៕