(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA នាពេលថ្មីៗនេះ​បានប្រកាសថា យានអវកាស LRO ដែលកំពុងធ្វើការ​សិក្សាស្រាវជ្រាវ នៅ​ជុំវិញ​ឋាន​ព្រះ​ច័ន្ទ​នោះ នាពេលថ្មីៗនេះ​បាន​ទទួល​រងការប៉ះទង្គិចគ្នា​ជាមួយនឹងអាចម៍ផ្កាយតូចមួយដុំ ដែលធ្វើដំណើរ​នៅក្នុងល្បឿនយ៉ាង​លឿនជាងគ្រាប់កាំភ្លើង ក៏​ប៉ុន្តែ​ការ​​ប៉ះ​ទង្គិចគ្នានេះ​ពុំបាន​បង្ក​ជា​​គ្រោះថ្នាក់​ដល់យានអវកាស ឬមួយក៏ប្រតិបត្តិការ​នៅគន្លងគោចរនៃឋានព្រះច័ន្ទឡើយ។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញ​ពី​គេហ​ទំព័រវិទ្យា​សាស្រ្ត Space.com នៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត​របស់អង្គការ NASA បានដឹងអំពីហេតុការណ៍នេះ ក៏ដោយសារតែរូបភាពមួយប៉ុណ្ណោះ ថតបានពីយានអវកាស LRO ​ដែលមើលទៅមាន​ភាពខុសប្រក្រតី។ លោក Mark Robinson ប្រធានក្រុមស៊ើបអង្កេត​នៃប្រព័ន្ធកាមេរ៉ា​របស់ LRO បានឲ្យដឹងថា «អាចម៍ផ្កាយ​​នោះ​បានធ្វើដំណើរក្នុងល្បឿនលឿន​ជាងគ្រាប់កាំភ្លើងទៅទៀត។ នៅក្នុង​ករណីនេះ កាមេរ៉ារបស់ LRO មិនបានគេចចេញ​ពីអាចម៍ផ្កាយនោះ​ឡើយ តែក៏មិនបានរង​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដោយសារវាដែរ»

គួរបញ្ជាក់ថា បើតាមក្រុមការងារ​របស់ NASA វាប្រាកដជាអាចម៍ផ្កាយ​តូចមួយប៉ុណ្ណោះ ហើយការប៉ះទង្គិចគ្នានេះ បានកើតឡើងតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែដោយសារតែ​បញ្ហានេះ មិនបានបង្កការាំងស្ទះ​ដល់បេសកកម្ម NASA ក៏បានសម្រេចចិត្ត​មិនប្រកាសឲ្យដឹង រហូតមកទល់​ពេលថ្មីៗនេះ៕