(ប៉េកាំង)៖ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiechi បានព្រមានធ្ងន់ៗថា ជប៉ុនគួរតែប្រយ័ត្នប្រយែងចំពោះពាក្យសម្តីខ្លួនឯងបន្តិច នៅពេលចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ។ នេះបើតាមប្រភពពីក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
នាថ្ងៃចន្ទសប្តាហ៍នេះលោក Yang បានចូលរួមកិច្ចប្រជុំមួយនៅឯទីក្រុងតូក្យូជាមួយ លោក Shotaro Yachi ប្រធានលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នៅក្រោមក្របខណ្ឌនៃកិច្ចសន្ទនានយោបាយជាន់ខ្ពស់ ជុំទីបួនរវាងប្រទេសទាំងពីរ។ នាឱកាសនោះ លោក Yang បានថ្លែងថា «យើងសង្ឃឹមថា ភាគីជប៉ុននឹងមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងសេចក្តីថ្លែងការណ៍ ក៏ដូចជាសកម្មភាពរបស់ខ្លួន ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង ហើយនឹងដើរតួនាទីក្នុងន័យស្ថាបនា នៅក្នុងការស្វែងរកដំណោះស្រាយបញ្ហាវិវាទ រវាងបណ្តាប្រទេសពាក់ព័ន្ធក្នុងតំបន់»។
លោក Yang Jiechi បានបន្ថែមទៀតថា ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជារឿងដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍទំនាក់ទំនង នៃប្រទេសទាំងពីរប្រកបដោយស្ថិរភាព ហើយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិនរូបនេះ បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងតូក្យូនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើនចំណងទាក់ទងទ្វេភាគីចិន-ជប៉ុន។
គួរបញ្ជាក់ថា ប្រទេសជប៉ុនដែលមានបញ្ហាជម្លោះជាមួយចិនជុំវិញប្រជុំកោះ Senkaku ដែលចិនហៅថា Diaoyo នៅសមុទ្រចិនខាងកើតនោះ ពេលខ្លះបានចេញសេចក្តីថ្លែងការណ៍មួយចំនួន ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយបណ្តាប្រទេសដទៃទៀតលើបញ្ហានេះ ដែលជាហេតុបង្កឲ្យមានការរិះគន់ពីរដ្ឋាភិបាលចិន៕