(ប៉ាណាម៉ា)៖ អតីតមេដឹកនាំផ្ដាច់ការនៃប្រទេសប៉ាណាម៉ា និងធ្លាប់ជាអ្នកយកការណ៍ឱ្យ CIA លោក Manuel Noriega បានទទួលមរណៈភាពហើយ ក្នុងវ័យ៨៣ឆ្នាំ បន្ទាប់ពីទទួលការវះកាត់ជំងឺដុះដុំសាច់ក្នុងខួរក្បាល ចាប់តាំងពីខែមីនាមក។ នេះបើតាមប្រធានាធិបតីប៉ាណាម៉ាបច្ចុប្បន្ន លោក Juan Carlos Varela ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន New York Times នៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
លោក Juan Carlos Varela បានឱ្យដឹងយ៉ាងដូច្នេះថា «លោក Manuel Noriega ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីខែមីនាមក ដោយសារជំងឺដុះដំសាច់ក្នុងខួរក្បាល បានទទួលមរណៈភាព នៅម៉ោង១១៖០០នាទីយប់ថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) នៅឯមន្ទីរពេទ្យ Santo Tomás ក្នុងទីក្រុង Panama »។
គួរបញ្ជាក់ថា លោក Manuel Noriega បានដឹកនាំប្រទេសប៉ាណាម៉ា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩ ត្រូវបានទម្លាក់ចេញពីតំណែងដោយទីក្រុងវ៉ាស៊ីនតោន នៅឆ្នាំ១៩៨៩ និងត្រូវបានផ្ដន្ទាទោសពីបទរត់ពន្ធគ្រឿងញៀន ដែលធ្វើឱ្យលោកត្រូវជាប់ពន្ធនាគារជិត ១៧ឆ្នាំ នៅសហរដ្ឋអាមេរិក។ បន្ទាប់មកទៀត លោកត្រូវជាប់ពន្ធនាគារជាថ្មីរយៈពេលពីរឆ្នាំ នៅប្រទេសបារាំង ពីបទលាងលុយកខ្វក់ មុននឹងត្រូវធ្វើបត្យាប័នមកកាន់ប៉ាណាម៉ា នៅខែធ្នូ ឆ្នាំ២០១១។
ទោះជាយ៉ាងនេះក្ដី អតីតមេដឹកនាំផ្ដាច់ការរូបនេះ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីតោនថា បានចាប់លោកដាក់គុកដោយសារតែ លោកបានបដិសេធធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការផ្ដួលរំលំរដ្ឋាភិបាលឆ្វេងនិយម Nicaragua នៅអំឡុងឆ្នាំ១៩៨០៕