(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមាភាគីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) មានការខ្វែងគំនិតគ្នាជាច្រើន នៅក្នុងជំនួបជាលើកដំបូងនៅឯបុរី Versailles នាឱកាសដែលលោកពូទីន បំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងជំនួបជាលើកដំបូង លោក ម៉ាក្រុង បាននិយាយនៅចំពោះមុខ លោក ពូទីន ត្រង់ៗតែម្ដងថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Sputnik និង Russian Today ដែលគាំទ្រដោយរដ្ឋាភិបាលវិមានក្រឹមឡាំង គ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងគ្រាន់តែជាប្រព័ន្ធឃោសនានយោបាយតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង និងលោក ពូទីន នៅតែអះអាងថា ជំនួបរវាងអ្នកទំាងពីរធ្វើឡើងដោយបើកជំហរ និងមានភាពស្មោះត្រង់ ហើយក៏បានសន្យាទៀតថា នឹងចូលរួមលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រីឯលោក ពូទីន ផ្ទាល់ក៏បានអញ្ជីញ លោក ម៉ាក្រុង មកបំពេញដំណើរទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ផងដែរ។
គួរបញ្ជាក់ថា បើតាមលោក ពូទីន ទីក្រុងម៉ូស្គូ និងទីក្រុងប៉ារីសបានប្ដេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយវិបត្តិនៅស៊ីរីភាគខាងកើតប្រទេសអ៊ុយក្រែន និងតំបន់ឧបទ្វីបកូរ៉េ ព្រមទំាងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ៕