(អាមេរិក)៖ កំពូលកីឡាករវាយកូនហ្គោល និងជាអតីតជើងឯកពិភពលោក លោក Tiger Woods បានចេញមុខធ្វើការបញ្ជាក់អះអាងថា មូលហេតុដែលបានបណ្តាលឲ្យឈានដល់ការឃាត់ខ្លួនរូបលោក នៅក្បែរភូមិគ្រឹះក្នុងទីក្រុង Jupiter Island នៃរដ្ឋផ្លូរីដា កាលពីពេលទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ គឺដោយសារតែប្រតិកម្មឥតរំពឹងទុក ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំពេទ្យ មិនមែនមកពីឥទ្ធិពលនៃគ្រឿងស្រវឹងនោះឡើយ ហើយលោក Woods ក៏បានសូមអភ័យទោសចំពោះរឿងនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់ លោក Tiger Woods បានឲ្យដឹងថា គ្រឿងស្រវឹងពុំមានជាកត្តា ដែលបានបង្កឲ្យលោក Woods ត្រូវប៉ូលិសចាប់ខ្លួននោះឡើយ ប៉ុន្តែរូបលោកសូមអភ័យទោស និងបានបន្ថែមថា លោកទទួលខុសត្រូវទាំងស្រុងចំពោះរឿងហេតុនេះ។ លោក Woods បានលើកឡើងថា «ខ្ញុំចង់ឲ្យសាធារណជនបានជ្រាបថា គ្រឿងស្រវឹងពុំមានការពាក់ព័ន្ធក្នុងករណីនេះឡើយ ហើយអ្វីដែលបានកើតឡើងនោះ គឺជាប្រតិកម្មឥតរំពឹងទុកមួយនៃការប្រើប្រាស់ថ្នាំពេទ្យ ដែលខ្ញុំមិននឹកស្មានថា បានជះឥទ្ធិពលខ្លាំងបែបនេះលើរូបខ្ញុំ»។
លោក Woods បានបន្តទៀតថា «ខ្ញុំសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះក្រុមគ្រួសារសាច់ញាតិរបស់ខ្ញុំ រួមទាំងមិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ផងដែរ ហើយខ្ញុំសន្យាថា ខ្ញុំនឹងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីកុំឲ្យរឿងបែបនេះកើតឡើងទៀត»។
យោងតាមប៉ូលិសប្រចាំតំបន់ Palm Beach County នៃរដ្ឋផ្លូវរីដា លោក Woods ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួន នៅវេលាម៉ោងប្រហែលជា ៣៖០០នាទីទៀបភ្លឺ កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្រោមបទសង្ស័យថា រូបលោកបានធ្វើការបើកបរយានជំនិះ ដោយស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬមួយក៏គ្រឿងញៀន នៅក្បែរគេហដ្ឋានរបស់លោកក្នុងទីក្រុង Jupiter Island តែអ្នកវាយកូនហ្គោលវ័យ ៤១ឆ្នាំរូបនេះ ក៏ត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមក។
គួរបញ្ជាក់ថា លោក Woods ដែលបានឆ្លងកាត់ការវះកាត់ផ្នែកខ្នងជាច្រើនលើក ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពុំបានចូលរួមការប្រកួតវាយកូនហ្គោលណាមួយឡើយ ចាប់តាំងពីរូបលោកត្រូវបង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ Dubai Desert Classic នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីខែកុម្ភៈកន្លងទៅ៕