(គូឡាឡាំពួ)៖ ករណីឃាតកម្ម​ដ៏កក្រើកទៅលើបងប្រុស មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបាន​បញ្ជូនឡើងទៅតុលាការ​កំពូលហើយ នៅថ្ងៃអង្គារ​សប្តាហ៍នេះ ដោយស្ត្រីជា​ជនសង្ស័យ​​ចំនួនពីររូប នឹងត្រូវទទួលការសាកសួរជាបន្តទៀត។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ Channel News Asia នារសៀល​ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

ស្ត្រីជាជនសង្ស័យ​ទាំងពីររូបគឺ ម្នាក់ឈ្មោះ Siti Aishah អាយុ ២៥ឆ្នាំជនជាតិ​ឥណ្ឌូណេស៊ី និងម្នាក់ទៀត​ឈ្មោះ Doan Thi Huong អាយុ ២៨ឆ្នាំជាជនជាតិ​វៀតណាម។ ស្ត្រីទាំងពីររូបនេះ នឹងប្រឈមមុខទោស​ប្រហារជីវិតតាម​ច្បាប់របស់​ម៉ាឡេស៊ី ប្រសិនបើតុលាការ​រកឃើញថា ពួកគេពិតជាបានចូល​រួមគំនិត និងលួច​ធ្វើឃាត លោក គីម ជុងណាំ នៅព្រលានយន្តហោះ​ទីក្រុងគូឡាឡាំពួ ដោយប្រើប្រាស់​សារធាតុគីមី VX ជាអាវុធកាលពី​ថ្ងៃទី១៣ ខែកុម្ភៈ មែននោះ។

គួរបញ្ជាក់ថា បើតាមកាមេរ៉ាសុវត្ថិភាព​នៅព្រលានយន្តហោះ ស្ត្រីសង្ស័យ​ទាំងពីររូបនេះ បានយកក្រណាត់​មានផ្ទុកសារធាតុ​គីមី VX ទៅខ្ទប់មុខ លោក គីម ជុងណាំ ខណៈដែលសារធាតុនេះ​ត្រូវបានគេសង្ស័យថា មានប្រភពពី​កូរ៉េខាងជើង និងត្រូវបានអង្គការ​សហប្រជាជាតិចាត់ទុកថា ជាអាវុធប្រល័យ​លោកមួយផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចោទទង្វើទាំងអស់​ខាងលើនេះថា ជាការបញ្ជា​ដោយផ្ទាល់ពី លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូល​ទីក្រុងព្យុងយ៉ាង ដែលសម្លាប់សាច់ឈាមខ្លួនឯង៕