(សេអ៊ូល)៖ កូរ៉េខាងជើងនាថ្ងៃអង្គារនេះបានអះអាងថា សហរដ្ឋអាមេរិកបានធ្វើការហោះហើរយន្តហោះដ៏មានអានុភាព B-1B មកជិតទឹកដីរបស់ខ្លួន ហើយថែមទាំងបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បានធ្វើសេចក្តីរាយការណ៍ថា ក្បួនយន្តហោះទម្លាក់គ្រាប់បែក B-1B ដែលបានធ្វើដំណើរមកពីកោះហ្គាំ បានហោះហើរនៅលើឧបទ្វីបកូរ៉េនាថ្ងៃចន្ទម្សិលមិញនេះ និងបានធ្វើការហ្វឹកហ្វឺនទម្លាក់គ្រាប់នុយក្លេអ៊ែរ។ ក្រុមយន្តហោះទម្លាក់គ្រាប់បែកនោះ ព្រមទាំងបានឆ្ពោះមកជិតតំបន់ក្បែរព្រំដែន រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងថែមទៀត។ យន្តហោះ B-1B ត្រូវបានចូលរួមជាមួយកងយន្តហោះចម្បាំង មកពីនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុងធ្វើប្រតិបត្តិការនៅសមុទ្រខាងកើត។
ជុំវិញសេចក្តីរាយការណ៍នេះ ប្រភពពីរដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូលបានបញ្ជាក់ថា យន្តហោះ B-1B ចំនួនពីរគ្រឿងបានធ្វើដំណើរមដល់ដែនអាកាស នៅលើសមុទ្រខាងកើតនាវេលាប្រមាណជា ១០៖៣០នាទីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ពោលគឺរយៈពេល០៥ម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់។ យន្តហោះ B-1B របស់អាមេរិក ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង F-15 របស់កូរ៉េខាងត្បូង នៅក្នុងអំឡុងការហោះហើររយៈពេលពីរម៉ោងនោះ។
គួរបញ្ជាក់ថា យន្តហោះ B-1B Lancer ដែលមានរហស្សនាមថា The Bone គឺជាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបំពេញបេសកកម្មឆ្លងទ្វីប ដោយពុំចាំបាច់បញ្ចូលប្រេងនោះឡើយ។ យន្តហោះនេះអាចធ្វើដំណើរដល់ឧបទ្វីបកូរ៉េនៅក្នុងរយៈពីរម៉ោងកន្លះ ដោយចេញពីមូលដ្ឋានទ័ពអាកាសអាមេរិកនៅលើកោះហ្គាំក្នុងដែនសមុទ្រប៉ាស៊ីហ្វិក៕