(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងថា កូរ៉េខាងជើង បានបង្ហាញនូវការមិនគោរពចំពោះប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីល រយៈចម្ងាយខ្លីមួយគ្រាប់នៅថ្ងៃចន្ទ ដែលវាបានធ្លាក់នៅក្នុងសមុទ្រជប៉ុន ហើយទើបទីក្រុងព្យុងយ៉ាង ប្រកាសពីជោគជ័យនេះជាក្រោយ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភានេះ។
«កូរ៉េខាងជើងបានបង្ហាញនូវការមិនគោរពជាខ្លាំង ចំពោះអ្នកជិតខាងរបស់ពួកគេ (ចិន) តាមរយៈការបាញ់គ្រាប់មីស៊ីលមួយគ្រាប់នេះបន្ថែមទៀត ប៉ុន្តែចិនវិញបាននឹងកំពុងព្យាយាមខ្លាំងណាស់ ដើម្បីឲ្យកូរ៉េខាងជើង ចូលក្នុងកិច្ចចរចា»។ នេះបើតាមលោក Trump បានបង្ហោះលើប្រព័ន្ធ Twitter របស់ខ្លួន។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលចិនបានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានកិច្ចចរចា ដោយបានជម្រុញឲ្យរដ្ឋាភិបាលទីក្រុង Pyongyang ជៀសវាងសកម្មភាពដែលបំពានទៅនឹង សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
«យើងរំពឹងថា គ្រប់ភាគីដែលពាក់ព័ន្ធ អាចរក្សាបានភាពស្ងៀមស្ងាត់ និងអត់ធ្មត់, លុបបំបាត់ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងនាំបញ្ហានៅឧបទ្វីបមួយនេះ ចូលទៅកាន់កិច្ចចរចា ប្រកបដោយសន្តិភាពជាថ្មីម្តងទៀត»។ នេះបើតាមក្រសួងការបរទេសចិន បានឲ្យដឹងយ៉ាងដូច្នេះ។ រដ្ឋាភិបាលទីក្រុង Washington បានលើកឡើងថា ខ្លួនមានបំណងចូលទៅកាន់កិច្ចចរចាជាមួយរដ្ឋាភិបាលទីក្រុង Pyongyang ប៉ុន្តែទាល់តែកូរ៉េខាងជើង ផ្អាកការបាញ់សាកល្បងគ្រាប់មីស៊ីល និងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន៕