(បង់ក្លាដែស)៖ ព្យុះស៊ីក្លូន Mora នៅថ្ងៃអង្គារនេះ បានវាយប្រហារក្នុងល្បឿនខ្យល់ ១១៧គីឡូម៉ត្រក្នុងមួយម៉ោង មកលើតំបន់ឆ្នេរស្ថិតនៅ ចន្លោះទីក្រុងកំពង់ផែ Cox’s Bazar និងទីក្រុង Chittagong។ នេះបើតាមអាជ្ញាធរឧតុនិយមបង់ក្លាដែស ដកស្រង់ដោយសារព័ត៌មាន The Hindu នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ អាជ្ញាធរឧតុនិយមបង់ក្លាដែសបានបញ្ជាក់ទៀតថា ព្យុះស៊ីក្លូននេះបានបក់បោកក្នុងល្បឿនខ្យល់១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈគេក៏រំពឹងដែរថា ព្យុះនេះអាចនឹងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងគ្រោះរអិលបាក់ដីផងដែរ។ ដោយឡែកកាលពីចន្ទ ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព រីឯ ទីក្រុងកំពង់ផែជាច្រើនស្ថិតនៅតំបន់ភាគអាគ្នេយ៍នៃប្រទេស ត្រូវបានដាក់ឱ្យនៅក្នុងភាពអាសន្នកំរិតទី១០ ហើយតំបន់ភាគខាងលិច ស្ថិតកំរិតប្រកាសអាសន្នទី០៨។
គួរបញ្ជាក់ថា ការមកដល់នៃព្យុះស៊ីក្លូន Mora កើតឡើងបន្ទាប់ពីព្យុះភ្លៀង និងគ្រោះរអិលបាក់ដីនៅប្រទេសស្រីលង្កា កាលពីប៉ុន្មានថ្ងៃមុននេះ បានផ្ដាច់យកអាយុជីវិតមនុស្សជាង១៨០នាក់ និង១០០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ៕