(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ​ បានអូសបន្លាយពេលវេលា នៃការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាលស៊ីរី និងក្រុមអ្នកគាំទ្ររបស់លោក បាហ្សា អាល់ អាស្សាដ រយៈពេលមួយឆ្នាំ​បន្ថែមទៀត ពោលគឺទណ្ឌកម្មនឹង​បន្តរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។

​ទណ្ឌកម្ម​ដែលត្រូវបានដាក់​កាលពី​ឆ្នាំ២០១១ ក្នុងនោះរួមមាន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រេង, ការរឹតបន្តឹង​លើការវិនិយោគជាក់ស្តែង, និងការបង្កកទ្រព្យសម្បត្តិ​ធនាគារកណ្តាល​របស់ស៊ីរី ដែលបានដាក់​នៅសហភាពអឺរ៉ុប។ មនុស្សប្រមាណ​ ២៤០នាក់ និងអង្គភាព៦៧ ក៏ត្រូវបានរារាំង​ក្នុងការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិផងដែរ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប​នៅតែប្តេជ្ញាក្នុងការ​ ស្វែងរក​ដំណោះស្រាយនយោបាយល្អមួយ សម្រាប់ដោះស្រាយ​បញ្ហាជម្លោះនៅស៊ីរី ស្ថិតក្រោមក្របខណ្​ អង្គការសហប្រជាជាតិ។ ជម្លោះនៅស៊ីរី ដែលបានឈាន​ចូលដល់ឆ្នាំទី​៧ហើយ ប៉ុន្តែមិនមាន​សញ្ញាថយចុះនោះទេ បានសម្លាប់​មនុស្សជាង ៣១០,០០០នាក់ និងរាប់លាននាក់ទៀត​ បានក្លាយជាជនភៀសខ្លួន​ទាំងនៅក្នុងស្រុក នៅក្រៅប្រទេស៕