(ម៉ូស្គូ)៖ ព្យុះកំណាចប្រៀបបីដូចជាព្យុះហឺរីខិននៅអាមេរិក ដែលបានវាយប្រហារយ៉ាងដំណំលើទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្តាច់យកជីវិតមនុស្សសរុប ១២នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារ ខណៈមនុស្ស១២៥នាក់ទៀតរងរបួសធ្ងន់ និងស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
កាលពីយប់ថ្ងៃចន្ទ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានបញ្ជាក់ថា ព្យុះកំណាចនេះក៏បាន បណ្តាលឲ្យមានការដួលរំលំដើមឈើ នៅតាមដងវិថីជាច្រើន ដែលជាហេតុបង្កើតជាការរាំងស្ទះដល់ចរាចណ៍ធ្វើដំណើរ និងថែមទាំងបានបង្កការខូចខាតដល់អគារមួយចំនួន នៅក្នុងទីក្រុងទៀតផង។
គួរបញ្ជាក់ថា ព្យុះកំណាចខាងលើនេះមានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាបានបំផ្លាញអគារនានាជាច្រើនក្នុងទីក្រុង និងធ្វើដើមឈើរាប់រយដើមបាក់រលំ។ បន្ថែមពីនេះខ្សែចម្លងអគ្គិសនីជាច្រើនបានដាច់ ដែលបង្កឲ្យផ្ទះសម្បែងប្រជាជនជាង ៧,៣០០ខ្នងរងផលប៉ះពាល់៕