(ការ៉ាកាស)៖ មេដឹកនាំក្រុមប្រឆាំងវេណេស៊ុយអេឡាពីររូប បានរងរបួសនៅអំឡុងការប៉ះទង្គិចគ្នាដោយហិង្សា ជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល នៅក្នុងបាតុកម្មតវ៉ានៅឯរដ្ឋធានីការ៉ាកាស ដើម្បីទាមទារឲ្យប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរមេដឹកនំាក្រុមប្រឆាំង លោក Henrique Capriles ដែលស្ថិតនៅក្នុងក្រុមធ្វើបាតុកកម្ម នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថា មនុស្ស១៦នាក់បានរងរបួស ហើយលោកក៏បានដាក់ពាក្យបណ្ដឹង ទៅកាន់រដ្ឋអាជ្ញានៃរដ្ឋធានីការ៉ាកាសផងដែរ។ លោក Henrique បន្ថែមទៀតថា «យើងត្រូវបានគេស្ទាក់វាយ... តើរដ្ឋាភិបាលមួយនេះ មានសមត្ថភាពត្រឹមតែសម្លាប់ ឬដុតបំផ្លាញអ្វីគ្រប់យ៉ាងប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ក្រុមបាតុករប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាននាំគ្នាដើរក្បួនតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ាអស់រយៈពេលជាងពីរខែមកហើយ ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង ដោះលែងសកម្មជនសិទ្ធិមនុស្ស និងអ្នកទោសនយោបាយ ព្រមទាំងរៀបចំការបោះឆ្នោត។ ដោយសារតែការតវ៉ាជាច្រើនសប្តាហ៍មកនេះ មនុស្ស ៥៩នាក់ហើយបានស្លាប់ និងរាប់រយនាក់បានរងរបួស រីឯមនុស្សជាច្រើនទៀតត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន៕