(ស៊ីដនី)៖ ព្រឹទ្ធសមាជិកអាមេរិក លោក ចន ម៉ាខេន (John McCain) បានចាត់ទុកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាបុគ្គលដែលបង្កការគំរាមកំហែងដ៏ធំបំផុត ដល់សន្តិសុខពិភពលោកខ្លាំងជាងក្រុម ISIS ទៅទៀត និងថែមទំាងបានជំរុញឱ្យព្រឹទ្ធសភាអាមេរិក អនុម័តលើការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ចន ម៉ាខែន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Australian Broadcasting Corp កាលពីថ្ងៃចន្ទ។ លោក ម៉ាខែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាគាត់ (លោក ពូទីន) គឺជាការគំរាមកំហែងទី០១ និងដ៏ធំបំផុតជាងក្រុម ISIS ទៅទៀត... ដូច្នេះយើងត្រូវតែបង្កើនការដាក់ទណ្ឌកម្ម ហើយខ្ញុំសង្ឃឹមថា នៅពេលយើងត្រឡប់ពីវិសម្សកាលវិញ ព្រឹទ្ធសភាអាមេរិកនឹងអនុម័តការ ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាអាកប្បកិរិយារបស់រុស្ស៊ី»។
គួរបញ្ជាក់ថា បើតាមលោក ចន ម៉ាខែន បើទោះជាពុំទាន់មានភស្ដុតាងថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកក៏ដោយ ប៉ុន្តែលោកជឿជាក់ថាទីក្រុងម៉ូស្គូ ពិតជាបានព្យាយាមកែលទ្ធផលបោះឆ្នោត ក្នុងនោះរួមមានទំាងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង កាលពីពេលថ្មីៗនេះ៕