(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានអះអាងពីភាពជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃចន្ទ ហើយថាខ្លួននឹងបន្ត ធ្វើតេស្ដសាកល្បងប្រព័ន្ធមីស៊ីល (Ballistic) នេះជាថ្មីម្ដងទៀត។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។
យោងតាម KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមទស្សនា និងបញ្ជាដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលប្រភេទ Scud ដែលអាចហោះបានចំងាយ៤៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ ម្យ៉ាងវិញទៀត ការធ្វើតេស្ដគ្រាប់មីស៊ីលនេះ ដំណើរការទៅដោយ ជោគជ័យតាមរយៈការបង្ហាញពីស្ថេរភាពហោះហើរ នៃគ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយលោក គីម ក៏បានបញ្ជាផងដែរឱ្យបន្ត បាញ់សាកល្បង និងអភិវឌ្ឍប្រភេទមីស៊ីលនេះឱ្យកាន់តែខ្លាំងក្លា។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃចន្ទ របស់កូរ៉េខាងជើង គឺជាលើកទី០៣ហើយនៅក្នុងខែឧសភានេះ រីឯជប៉ុននិងកូរ៉េខាងត្បូង ក៏បានចេញមុខថ្កោលទោសចំពោះទង្វើរំលោភលើដំណោះស្រាយអង្គការសហប្រជាជាតិបែបនេះដែរ៕