(អាមេរិក)៖ កំពូលជើងឯកវាយកូនហ្គោលរបស់សហរដ្ឋអាមេរិកលោក Tiger Woods ត្រូវបានប៉ូលិសចាប់ខ្លួនពីបទបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅក្នុងរដ្ឋផ្លូវរីដា នាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប៉ូលិសប្រចាំតំបន់ Palm Beach County នៃរដ្ឋផ្លូវរីដា លោក Wood ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួននៅវេលាម៉ោងប្រហែលជា៣៖០០នាទីទៀបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ ក្រោមបទសង្ស័យថា បានធ្វើការបើកបរយានជំនិះ ទាំងស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង នៅក្នុងទីក្រុង Jupiter តែកីឡាករ វាយកូនហ្គោលវ័យ៤១ឆ្នាំរូបនេះ ក៏ត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមក។
គួរបញ្ជាក់ថា លោក Woods ដែលបានឆ្លងកាត់ការវះកាត់ផ្នែកខ្នងជាច្រើនលើកក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះនោះ ពុំបានចូលរួមការប្រកួតវាយ កូនហ្គោលណាមួយឡើយ ចាប់តាំងពីរូបលោកត្រូវបង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ Dubai Desert Classic នៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម កាលពីខែកុម្ភៈកន្លងទៅ៕