(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន នាថ្ងៃចន្ទនេះបានបង្ហាញភាពជឿជាក់ថា ក្រុមសកម្មយុទ្ធទាំងអស់នឹងត្រូវវាយបណ្តេញចេញពីទីក្រុង Marawi ថ្ងៃទី០១ ខែមិថុនាខាងមុខ ពោលគឺនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
លោក Delfin Lorenzana បានឲ្យដឹងថាគោលដៅរបស់យើងគឺ ធ្វើការបោសសម្អាតក្រុមសកម្មប្រយុទ្ធគាំទ្រ ISIS នៅសេសសល់ទាំងប៉ុន្មានចេញពីទីក្រុង Marawi នៃកោះ Mindanao ដែលបានព្យាយាមវាយដណ្តើមកាន់កាប់ ទីក្រុងភាគខាងត្បូងរបស់ហ្វីលីពីន កាលពីថ្ងៃទី២៣ ខែឧសភា។ លោក Lorenzana បានបន្តថាកាលវេលាកំណត់ គឺត្រូវបានសម្រេចកម្មវត្ថុនេះឲ្យបាន ក្នុងរយៈពេលមួយសប្តាហ៍ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែឧសភាមក ហើយសកម្មខិតខំប្រឹងប្រែងនៃកម្លាំងយោធារបស់រដ្ឋាភិបាល បានបង្ហាញថានឹងអាចបញ្ចប់បញ្ហាជម្លោះប្រដាប់អាវុធនេះបានតាមការគ្រោងទុក។
គួរបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនេះ ប្រធានធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យអនុវត្តន៍ច្បាប់អាជ្ញាសឹកនៅទូទាំងកោះ Mindanao ក្នុងរយៈពេលដល់ទៅ៦០ថ្ងៃឯណោះ ហើយគិតមកទល់ពេលនេះចំនួនមនុស្សស្លាប់នៅតំបន់រងគ្រោះ បានកើនឡើងជិតដល់១០០នាក់ ដោយក្នុងនោះមានទាំងជនស៊ីវិលស្លូតត្រង់ ពលទាហានហ្វីលីពីន និងពួកសកម្មប្រយុទ្ធ Maute ខណៈប្រជាជនជាង១៧,០០០គ្រួសារ ឬជិត៨៥,០០០នាក់ បានបង្ខំចិត្តជម្លៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ និងកំពុងដង្ហោយរកការជួយសង្រ្គោះពីសំណាក់កងទ័ពរដ្ឋាភិបាល៕