(ដាកា)៖ ប្រទេសបង់ក្លាដេស បានបង្កើនសញ្ញានៃការប្រុងប្រយ័ត្នចំពោះព្យុះ ឡើងដល់កម្រិតខ្ពស់បំផុត នាថ្ងៃចន្ទនេះ ស្របពេលដែលព្យុះ ស៊ីក្លូន (Cyclone) ដ៏មានឥទ្ធិពលមួយបាននិងកំពុងធ្វើដំណើរសំដៅឆ្ពោះមកកាន់តំបន់ឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
បង់ក្លាដេសដែលតែងតែបានទទួលរងគ្រោះដោយសារព្យុះស៊ីក្លូនជារៀងរាល់ឆ្នាំនោះ ព្រមានថាតំបន់ឆ្នេរមួយចំនួនទំនងជាអាចនឹងត្រូវជន់លិចបង្កឡើងដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រខុសពីធម្មតា ពីព្រោះតែការមកដល់នៃព្យុះស៊ីក្លូន Mora។ ជាមួយគ្នានេះក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបង់ក្លេដេស ក៏បានបង្គាប់ឲ្យអាជ្ញាធរតាមតំបន់ ធ្វើការជម្លៀសមនុស្សចេញពីតំបន់ ដែលអាចរងការវាយប្រហារទាំងនោះផងដែរ ខណៈប្រជនជនប្រមាណជា១០លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុប១៦០លាននាក់ របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ រស់នៅតាមតំបន់ឆ្នេរ។ ក្រៅពីនេះសាឡង់ធ្វើដំណើរតាមដងទន្លេទាំងអស់ ក៏ត្រូវផ្អាកប្រតិបត្តិការ និងទូកនេសាទនានាត្រូវបានហៅឲ្យមកកាន់ទីសុវត្ថិភាពវិញ។
ម៉្យាងវិញទៀតបង់ក្លាដេសកំពុងតែបន្តងើបឡើងវិញពីគ្រោះទឹកជំនន់ ដែលបានវាយប្រហារភាគឦសានប្រទេស និងជះផលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ កាលពីខែមេសាកន្លងទៅនៅឡើយទេ ហើយវាបានធ្វើឲ្យតម្លៃអង្ករនៅប្រទេសកើនឡើងយ៉ាងខ្ពស់ បន្ទាប់ពីដំណាំស្រូវសរុបប្រមាណជា៧០០,០០០តោនត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះទឹកជំនន់។
គួរបញ្ជាក់ថា ព្យុះ Mora ត្រូវបានកកើតជារូបរាងឡើង បន្ទាប់មានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ដែលបានបង្កជាគ្រោះទឹកជំនន់និងរអិលបាក់ដីនៅស្រីលង្កា និងបានផ្តាច់អាយុជីវិតមនុស្សយ៉ាងតិចចំនួន១៧៧នាក់ហើយ គិតមកទល់ថ្ងៃចន្ទនេះ៕