(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ហើយដែលនេះគឺជាលើកទី០៣ នៅក្នុងខែឧសភានេះ រីឯជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចសព្វដងដែរ គឺបានចេញមុខថ្កោលទោសនិង ព្រមានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទីក្រុងព្យុងយ៉ាង៕
២៖ កងកម្លាំងយោធារបស់ហ្វីលីពីន បានធ្វើការប្រមូលសាកសពជនស៊ីវិល យោធា និងពួកសកម្មប្រយុទ្ធ ដែលសរុបមានចំនួនជិត១០០នាក់ ហើយ ពីតាមដងផ្លូវនានានៅក្នុងទីក្រុង Marawi ជាទីដែលក្រុមភេរវករគាំទ្រ ISIS នៅភាគខាងត្បូងប្រទេស បានចេញប្រតិបត្តិការសងសឹកនឹង រដ្ឋាភិបាល អស់រយៈពេល ០៦ថ្ងៃមកហើយ។ ព្រមពេលជាមួយគ្នា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានប្រកាសទទួលខុសត្រូវផងដែរលើការរំលោភ បំពានទំាងឡាយកើតចេញច្បាប់អាជ្ញាសឹករបស់លោក៕
៣៖ មនុស្សយ៉ាងហោចណាស់ ២៣នាក់ បានសា្លប់ដោយសារព្យុះភ្លៀង និងរន្ទះបាញ់នៅឯរដ្ឋ Bihar នៃភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ខណៈគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត នឹងទទួលបានសំណងក្នុងម្នាក់ ៤០០,០០០ រូពី ឬស្មើនឹង ៦,០០០ដុល្លារសហរដ្ឋអាមេរិកពីរដ្ឋាភិបាលឥណ្ឌា៕
៤៖ ចំនួនអ្នកស្លាប់ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ដីដ៏អាក្រក់បំផុត នៅប្រទេសស្រីលង្កា បានកើនឡើងដល់១៦៩នាក់ហើយ ខណៈមនុស្ស១០២នាក់បន្តបាត់ខ្លួន, ៨៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង៥០០,០០០នាក់ កំពុងរងផលប៉ះពាល់ជាទូទៅតែម្តង នៅទូទាំងប្រទេស។
៥៖ «បណ្តាមេដឹកនាំអារ៉ាប៊ីសាអូឌីត គឺជាមនុស្សល្ងីល្ងើ និងជាសត្វគោសម្រាប់ ចិញ្ចឹមយកទឹកដោះរបស់សហរដ្ឋអាមេរិក»។ នេះគឺជាសម្ដីរបស់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយលោកបន្តទៀតថា មេដឹកនាំអារ៉ាប៊ីសាអូឌីត បានបង្ហាញកាយវិការយ៉ាងជិតស្និទ្ធ ចំពោះសត្រូវរបស់អ៊ីស្លាម តែបែរជាប្រកាន់អាកប្បកិរិយាយ៉ាងផ្ទុយស្រឡះ មកលើជនរួមជាតិមូស្លីមនៅក្នុងប្រទេសបារ៉ែន និងយេម៉ែន ទៅវិញ»។
៦៖ បន្ទាប់ពីទទួលរងការរិះគន់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចជុំ G7 ក្នុងប្រទេសអ៊ីតាលី កាលពីចុងសប្ដាហ៍ កន្លងទៅ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បាននិយាយថាអឺរ៉ុបគួរតែកំណត់ជោគវាសនា និងអនាគត់ដោយខ្លួន ហើយថា ទំនាក់ទំនងជាមួយនឹងរុស្ស៊ីក៏អាចធ្វើទៅបានដែរ បើសិនជាចំាបាច់៕