(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានបង្ហាញខ្លួននៅក្នុងសវនាការសាកសួរ ជាលើកទី០៣ របស់លោកស្រី នៅឯតុលាការក្នុងទីក្រុងសេអ៊ូលនៅថ្ងៃចន្ទនេះ ដើម្បីតទល់នឹងបទចោទពាក់ព័ន្ធនឹងអំពើពុករលួយ និងការធ្វើឱ្យលេចធ្លាយឯកសារសម្ងាត់រដ្ឋ ខណៈសវនាការមុនៗ លោកស្រីបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយព សារព័ត៌មាន CGTN នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី ផាក គឺនហេ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការកាលពីខែមេសា ពីបទពុករលួយ និងការបណ្តែតបណ្ដោយឱ្យមិត្តភក្តិ របស់ខ្លួនគឺស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋ។ មិនតែប៉ុណ្ណោះអតីតប្រធានាធិបតីដែលត្រូវបានទម្លាក់ចេញពីតំណែង កាលពីខែមីនារូបនេះ ក៏កំពុងជាប់ចោទពីបទឧក្រិដ្ឋ ១៨ករណីផ្សេងទៀតផងដែរ ទាក់ទិននឹងរឿងពុករលួយនេះ ដែលមានការជម្រិតទារប្រាក់ពីក្រុមហ៊ុនធំៗក្នុងស្រុកចំនួនបី បានទឹកប្រាក់ជាង ៥០លានដុល្លារអាមេរិក។
គួររំលឹកថា នៅក្នុងអំឡុងសវនាការសាកសួរលើកទី០១ និងទី០២ កាលពីដើមសប្ដាហ៍មុន ចៅក្រមបានសាកសួរថា តើជនជាប់ចោទ (លោកស្រី ផាក គឺនហេ) ប្រកបមុខរបរអី្វ? លោកស្រីផាក បានឆ្លើយថា «ខ្ញុំគ្មានមុខរបរឡើយ» ហើយលោកស្រីនៅតែប្រកាន់គោលជំហរដដែល គឺច្រានចោល រាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោកស្រី៕