(កូឡុំបូ)៖ ចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ដីដ៏អាក្រក់នៅប្រទេសស្រីលង្កា បានកើនឡើងដល់ ១៦៩នាក់ហើយ ខណៈមនុស្ស១០២នាក់បន្តបាត់ខ្លួន, ៨៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង៥០០,០០០នាក់ កំពុងរងផលប៉ះពាល់ជាទូទៅតែម្តង នៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
ឆ្លើយតបនឹងគ្រោះមហន្តរាយប្រចាំឆ្នាំ នៅប្រទេសអាស៊ីខាងត្បូងមួយនេះ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះ បានសម្រេចផ្តល់ជំនួយមនុស្សធម៌សរុប ១៥លានយ័ន ស្មើនឹង ២.២លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសស្រីលង្កាដើម្បីជួយសង្គ្រោះមហន្តរាយក្នុងប្រទេសដីកោះនេះជាបន្ទាន់។
ជំនួយខាងលើនេះគឺរួមមានដូចជា តង់សម្រាប់ជ្រកកោណបណ្តោះអាសន្ន ភួយ និងសម្ភារៈសំខាន់ៗជាច្រើន ទៀតដែលជាតម្រូវការចាំបាច់។ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយចូលរួមចំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនស្រីលង្កាទាំងអស់ ដែលបានទទួលរងគ្រោះធម្មជាតិដ៏អាក្រក់បំផុតនេះ។
គួររំលឹកថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសស្រីលង្កា បានកើនដល់១៦៩នាក់នាល្ងាចថ្ងៃចន្ទនេះ ខណៈជនងរងគ្រោះ ១០២នាក់ទៀត បាននិងកំពុងបាត់ខ្លួននៅឡើយ។ យោងតាមក្រសួងបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិស្រីលង្កា ទន្លេចំនួន០៥ខ្សែបានជន់លិច ដោយសារតែការបន្តធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់មួយចំនួននៃប្រទេស ដែលជាហេតុបានបណ្តាលឲ្យមនុស្សជាង ៥០០,០០០នាក់ បានទទួលរងផលប៉ះពាល់ ខណៈផ្ទះប្រជាជន ៤៨,០០០ខ្នងរងការបំផ្លិចបំផ្លាញ៕