(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in) ធ្លាប់បានឯកភាពលើភាពចាំបាច់ នៃការរៀបចំកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើង នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ នេះបើតាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូងដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
នាយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ NIS ទើបត្រូវបាន លោក មូន តែងតាំងគឺ លោក ស៊ូ ហ៊ុន (Suh Hoon) បានអះអាងនៅចំពោះមុខសភាកូរ៉េខាងត្បូងថា កាលលោក មូន នៅជាបេក្ខភាពប្រធានាធិបតី លោកធ្លាប់បាននិយាយពីភាពចាំបាច់ នៃការរៀបចំជំនួបកំពូលជាមួយទីក្រុងព្យុងយ៉ាង។ ដោយឡែក ការតែងតាំង លោក ស៊ូ ហ៊ុន ឱ្យធ្វើជានាយទីភ្នាក់ងារ NIS ត្រូវបានគេមើលឃើញថា លោក មូន មានចេតនា ឱ្យលោក ស៊ូ ដើរតួនាទីធ្វើជាមេអណ្ដើករៀបចំជំនួបកំពូលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលបែបនេះហាក់ដូចជា ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែសកម្មភាពបង្ករឿងឥតឈប់ឈរ ពីសំណាក់កូរ៉េខាងជើង ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោង ប្រភេទ Scud មួយគ្រាប់ ដែលហោះបានចំងាយ ៤៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន រីឯទីក្រុងត្យូក្យូ និងទីក្រុងសេអ៊ូលក៏បាន ចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើរំលោភដដែលៗលើដំណោះស្រាយ UN នេះផងដែរ។
គួរបញ្ជាក់ថា លោក ស៊ូ ហ៊ុន មានអាយុ ៦៣ឆ្នាំ ធ្លាប់បានដើរតួនាទីយ៉ាងខ្លាំង នៅក្នុងការរៀបចំជំនួបអន្តរកូរ៉េកាលពីខែមិថុនា ឆ្នាំ២០០០ និងខែតុលា ឆ្នាំ២០០៧ ហើយលោកបានចូលបម្រើការងារ ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង NIS នៅឆ្នាំ១៩៨០ និងបានកាន់តំណែងជានាយករង NIS ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ក្រោមរដ្ឋាភិបាលអតីតប្រធានាធិបតីលោក រ៉ូ មូយ៉ុន (Roh Moo-hyun)៕