(ម៉ានីល)៖ កងកម្លាំងយោធារបស់ហ្វីលីពីន បានធ្វើការប្រមូលសាកសពជនស៊ីវិល យោធា និងពួកសកម្មប្រយុទ្ធ ដែលសរុបមានចំនួនជិត ១០០នាក់ហើយ ពីតាមដងផ្លូវនានានៅក្នុងទីក្រុង Marawi ទីដែលក្រុមភេរវករគាំទ្រ ISIS នៅភាគខាងត្បូងប្រទេស បានចេញប្រតិបត្តិការសងសឹកនឹងរដ្ឋាភិបាល ដែលមានរយៈពេល ០៦ថ្ងៃមកហើយ តបនឹងច្បាប់អាជ្ញាសឹករបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
កងកម្លាំងរដ្ឋាភិបាល លោក ឌូតឺតេ ក្នុងរយៈពេល ០៦ថ្ងៃមកនេះបាន និងកំពុងអនុវត្តន៍តាមច្បាប់អាជ្ញាសឹកនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ Maute ដែលទើបតែចូលរួមជាមួយ ពួក Abu Sayyaf ហើយក្រុមទាំងអស់នេះ ក៏ត្រូវបានគេដឹងថា មានសម្ព័ន្ធភាពជាមួយនឹង ISIS ផងដែរ។ តាមសេចក្តីរាយការណ៍ពីប៉ូលិសនៅកន្លែងកើតហេតុ សាកសពទាំងក្រុមៗ ដែលចំណុចខ្លះមានអ្នកស្លាប់ផ្តុំគ្នារហូតដល់ ០៨នាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយពួកគេទាំងនោះ ត្រូវបានភេរវករបាញ់ឲ្យស្លាប់តែម្តង រួចយកមកទម្លាក់ចោលតាមផ្លូវជាក្រោយ។ នេះបើតាមការបញ្ជាក់ពី មន្ត្រីប៉ូលិសជំនាញរបស់ហ្វីលីពីន។
គួរបញ្ជាក់ថា លោក ឌូតឺតេ បានប្រកាសដាក់តំបន់មួយចំនួននៅភាគខាងត្បូងប្រទេស ចូលក្នុងច្បាប់អាជ្ញាសឹក បន្ទាប់ពីការកើតមានការវាយប្រហារដោយក្រុមភេរវករ ទៅលើកងកម្លាំងសន្តិសុខហ្វីលីពីន ដោយក្នុងនោះមេប៉ូលិសហ្វីលីនត្រូវបានកាត់ក្បាលថែមទៀតផង ដែលជាហេតុបង្កឲ្យលោក ឌូតឺតេ ផ្ទុះកំហឹង និងសុំបញ្ចប់ដំណើរទស្សនកិច្ច នៅរុស្ស៊ីមុនកាលកំណត់ និងបានវិលត្រឡប់មកមាតុប្រទេសវិញទាំងយប់ យ៉ាងទាន់ហន់បំផុតកាលពីដើមសប្តាហ៍។
សរុបមនុស្សស្លាប់នៅក្នុងរយៈពេល ០៦ថ្ងៃនៃច្បាប់អាជ្ញាសឹក គឺបានកើតឡើងដល់ជិត១០០នាក់ ក្នុងនោះមានជនស៊ីវិល ១៩នាក់, ទាហានហ្វីលីពីន ១៣នាក់, និងពួកសកម្មប្រយុទ្ធ ៥១នាក់។ សម្រាប់ទីក្រុង Marawi វិញកំពុងតែត្រូវបានគ្រប់គ្រងដោយពួកភេរវករ ក្នុងនោះប្រជាជនជាង ២,០០០នាក់ ត្រូវបានគេជឿជាក់ថា កំពុងជាប់ខ្លួនដោយត្រូវការកងទ័ពរដ្ឋាភិបាល ជួយសង្គ្រោះពួកគេជាបន្ទាន់។ «សូមជួយរំដោះពួកយើងផង យើងគ្មានសូម្បីទឹកបរិភោគ»។ នេះបើតាមសារដែលជនរងគ្រោះ បានលួចផ្ញើមកសមត្ថកិច្ចហ្វីលីពីន ដើម្បីសុំការសង្គ្រោះបន្ទាន់។
ឆ្លើយតបបញ្ហានេះ មន្ត្រីអ្នកនាំយោធាទីក្រុងម៉ានីល លោក Restituto Padilla បានអះអាងយ៉ាងដូច្នេះថា «យើងជឿជាក់ថា ពួកភេរវករពេលនេះកំពុងតែដុនដាបហើយ ដោយស្បើយទាំងគ្រាប់ និងអាហារ។ ពួកសកម្មប្រយុទ្ធទាំងនោះកំពុងតែចុះទន់ខ្សោយខ្លាំង ប្រើប្រៀបធៀបនឹងថ្ងៃដំបូងនៃការប្រយុទ្ធគ្នា»។ គួររំលឹកថា ដំណាក់កាលទី១នេះ លោក ឌូតឺតេ បានប្រកាសប្រើច្បាប់អាជ្ញាសឹករយៈពេល ៦០ថ្ងៃឯណោះនៅលើកោះមីនដាណាវ ដែលក្នុងនោះទីក្រុង Marawi កំពុងរងគ្រោះខ្លាំងជាងគេ៕
សម្តីដុតរោល! ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់៖