សម្តីដុតរោល! ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់៖ «អារ៉ាប៊ី សាអូឌីត ជាសត្វគោ ដែលអាមេរិកចិញ្ចឹមយកទឹកដោះ និងទុកកាប់សាច់ស៊ី»
29-05-2017 14:12
(តេហរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានផ្ទុះកំហឹងជាខ្លាំងចំពោះព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ដោយសារតែការបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីតោន និងថែមទាំងបានតិះដៀល មេដឹកនាំប្រទេសសេដ្ឋីប្រេងនៅមជ្ឈិមបូព៌ានេះទៀតផងថា ជាមនុស្ស «ល្ងីល្ងើ ឬភ្លីភ្លើ»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
ប្រមុខដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានធ្វើការរិះគន់ធ្ងន់ៗ ចំពោះកិច្ចព្រមព្រៀងខ្ទង់រាប់ពាន់លានដុល្លារ ស្តីពីការទិញលក់សព្វាវុធរវាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីតោន ហើយបានហៅបណ្តាមេដឹកនាំ អារ៉ាប៊ី សាអូឌីត ថាសុទ្ធតែជាមនុស្សល្ងីល្ងើ និងជាសត្វគោសម្រាប់ចិញ្ចឹមយកទឹកដោះ របស់សហរដ្ឋអាមេរិកថែមទៀត។
លោក Khamenei បានថ្លែងយ៉ាងដូច្នេះទៀតថា «ពួកគេ (មេដឹកនាំ អារ៉ាប៊ី សាអូឌីត) បានបង្ហាញកាយវិការយ៉ាងជិតស្និទ្ធ ចំពោះសត្រូវរបស់អ៊ីស្លាម តែបែរជាប្រកាន់អាកប្បកិរិយាយ៉ាងផ្ទុយស្រឡះ មកលើជនរួមជាតិមូស្លីម នៅក្នុងប្រទេសបារ៉ែន និងយេម៉ែនទៅវិញ»។
គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅឯក្រៅប្រទេស ដែលទើបតែបានបញ្ចប់ទៅនាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះកិច្ចព្រមព្រៀងលក់សព្វាវុធក្នុងតម្លៃ ១១០ពាន់លានដុល្លារ ជាមួយព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ដោយសេតវិមានបានបញ្ជាក់ថា ដើម្បីតែទប់ទល់ជាមួយការគំរាមកំហែងរបស់អ៊ីរ៉ង់ ហើយលោក ត្រាំ ក៏បានអំពាវនាវឲ្យបណ្តាមេដឹកនាំមូស្លីមទាំងអស់ ត្រូវតែបន្តឃ្លាតឲ្យកាន់តែឆ្ងាយថែមទៀតពីទីក្រុងតេហេរ៉ង់ និងបានចាត់ទុកអ៊ីរ៉ង់ថា ជាប្រទេសដែលគាំទ្រអំពើភេរវកម្មអ៊ីស្លាម៕