(ប៊ែរឡាំង)៖ ដោយមិននិយាយ​ចំឈ្មោះសហរដ្ឋអាមេរិក អធិការបតីអាល្លឺម៉ង់ លោក អាន់ជែឡា មឺគែល បាននិយាយថា អឺរ៉ុបមិនអាចពឹង​ផ្អែកទំាងស្រុង​លើសម្ព័ន្ធមិត្តមួយនេះ​ទៀតនោះទេ ហើយត្រូវតែ​កំណត់ជោគវាសនា​នៅក្នុងដៃរបស់ខ្លួងឯង ប៉ុន្តែលោកស្រីបញ្ជាក់ថា ចំណងមិត្តភាពជាមួយអាមេរិកនៅ​តែ​ល្អ ហើយជាមួយប្រទេសរុស្ស៊ី អាល្លឺម៉ង់ក៏អាចធ្វើបានដូចគ្នា។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់លើ​សម្ព័ន្ធមិត្តអង្គការ​ណាតូ ដូចជាអាល្លឺម៉ង់ព្រមទាំងបាន​បដិសេធទទួលយក​កិច្ចព្រមព្រៀង​ ស្ដីពីបម្រែបម្រួល​អាកាសធាតុ​ពិភពលោកក្នុង​ទីក្រុងប៉ារីស។ ជាមួយគ្នានោះដែរ លោកស្រី មឺគែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានទទួល​យកបទពិសោធន៍ទំាងនេះ កាលពីប៉ុន្មានថ្ងៃមុន ហើយអ្វី​ដែលខ្ញុំអាច​និយាយបាន​នោះ គឺអឺរ៉ុបត្រូវតែក្តោបក្ដាប់ និងកំណត់​ជោគវាសនារបស់ខ្លួនដោយខ្លួនឯង ... ជាការពិត​ទំនាក់ទំនងមិត្តភាព​ជាមួយ​សហរដ្ឋអាមេរិក អង់គ្លេស ក្នុងនាមជាអ្នក​ជិតខាងល្អ​អាចបន្តធ្វើទៅបាន ដូច្នេះទំនាក់ទំនងមិត្តភាពជាមួយបណ្ដា​ប្រទេសដទៃ ទោះបីជារុស្ស៊ី​ក៏ដោយក៏អាចធ្វើបានដូចគ្នា»

គួររំលឹកថា នៅអំឡុង​កិច្ចប្រជុំ G7 រយៈពេល​០២ថ្ងៃ លោក ដូណាល់ ត្រាំ មានការខ្វែងគំនិត​គ្នា​មួយចំនួន​នឹងថ្នាក់ដឹកនាំ​ប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន និងកាណាដា ជាពិសេសគឺ​ការបដិសេធទទួល​យកកិច្ចព្រមព្រៀង​ ស្ដីពីបម្រែបម្រួល​អាកាសធាតុ​ពិភពលោក ក្នុងទីក្រុង ប៉ារីស។ ក៏ប៉ុន្តែ​ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស បែរជា​និយាយថា លោក មានសុទិដ្ឋិនិយម​ច្រើន ក្រោយជួបពិភាក្សា​ជាមួយ លោក ដូណាល់ ត្រាំ ក្នុងទីក្រុងព្រុចសែល​កាលពីសប្ដាហ៍​មុនទៅវិញ៕