(វ៉ាស៊ីនតោន)៖ មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានអះអាងនៅមុននេះបន្តិចថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ គឺជាប្រភេទរយៈចម្ងាយខ្លី ដែលអាចហោះបានក្នុងរង្វង់ពី ៣០០គីឡូម៉ែត្រទៅ ៥០០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
មិនខុសពីការលើកឡើងរបស់កូរ៉េខាងត្បូងនោះទេ គ្រាប់មីស៊ីលមួយគ្រាប់ត្រូវបានបាញ់នៅម៉ោងប្រមាណ ៥៖៣៩នាទីព្រឹក ចេញពីតំបន់ Wonsan នៃខេត្ត Kangwon របស់កូរ៉េខាងជើង ហើយបានធ្លាក់ចូលក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ស្ថិតនៅក្នុងសមុទ្រជប៉ុន ហើយវាហោះបានចំងាយ ៤៥០គីឡូម៉ែត្រ។ សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងបន្តកិច្ចសហការ ជាមួយបណ្តាសម្ព័ន្ធមិត្តនានាក្នុងតំបន់ដូចជាជប៉ុន និងកូរ៉េខាងត្បូង ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើងជាបន្តទៀត។
ប្រទេសកូរ៉េខាងជើងមិនទាន់បានចេញសេចក្តីថ្លែងការណ៍ ណាមួយនៅឡើយនោះទេជុំវិញការបាញ់មីស៊ីលនេះ ប៉ុន្តែបើតាមរយៈចម្ងាយ ៤៥០គីឡូម៉ែត្រដែលត្រូវបានសម្រេចចេញជាលទ្ធផលនោះ វាក៏ទំនងជាភាពជោគជ័យមួយទៀតដែរ សម្រាប់ការធ្វើតេស្តដោយកូរ៉េខាងជើងលើកនេះ។
គួរបញ្ជាក់ថា នេះគឺជាលើកទី០៩ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង គិតចាប់តំាងពីដើមឆ្នាំ២០១៧មក។ ម្យ៉ាងវិញទៀតការធ្វើតេស្ដនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំ G7 ចាត់ទុកថា ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជា ការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយបានព្រមានថា នឹងចាត់ធានការយ៉ាងតឹងរ៉ឹង ដើម្បីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ខណៈសហរដ្ឋអាមេរិក សម្រេចចិត្តបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងទីបី មកកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច៕