(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះ បានសម្រេចផ្តល់ជំនួយមនុស្សធម៌សរុប ១៥លានយ័ន ស្មើនឹង ២.២លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសស្រីលង្កាដើម្បីជួយសង្គ្រោះមហន្តរាយក្នុងប្រទេសដីកោះនេះជាបន្ទាន់ ខណៈចំនួនមនុស្សស្លាប់សរុបក្នុងទឹកជំនន់ជាច្រើនថ្ងៃមកនេះ បានកើនឡើងយ៉ាងគំហុកដល់ ១៦៤នាក់ហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
ជំនួយខាងលើនេះគឺរួមមានដូចជា តង់សម្រាប់ជ្រកកោណបណ្តោះអាសន្ន ភួយ និងសម្ភារៈសំខាន់ៗជាច្រើន ទៀតដែលជាតម្រូវការចាំបាច់។ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយចូលរួមចំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនស្រីលង្កាទាំងអស់ ដែលបានទទួលរងគ្រោះធម្មជាតិដ៏អាក្រក់បំផុតនេះ។
គួររំលឹកថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសស្រីលង្កា បានកើនដល់១៦៤នាក់នាព្រឹកថ្ងៃចន្ទនេះ ខណៈជនងរងគ្រោះជាង ១០០នាក់ទៀត បាននិងកំពុងបាត់ខ្លួននៅឡើយ។ យោងតាមក្រសួងបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិស្រីលង្កា ទន្លេចំនួន០៥ខ្សែបានជន់លិច ដោយសារតែការបន្តធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់មួយចំនួននៃប្រទេស ដែលជាហេតុបានបណ្តាលឲ្យមនុស្សជាង ៤៤២,០០០នាក់ បានទទួលរងផលប៉ះពាល់។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលស្រីលង្កា ក៏បានបញ្ជូនអង្គភាពប្រតិកម្មបន្ទាន់ ដើម្បីជួយដល់ប្រជាជននៅតាមតំបន់រងគ្រោះ និងបានអំពាវនាវស្នើសុំជំនួយពីសំណាក់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជិតខាងថែមទៀតផង៕