(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានបញ្ជាក់ថា បើសិនជាសង្រ្គាមជាមួយកូរ៉េខាងជើងផ្ទុះឡើង វាអាចនឹងបង្កជាវិនាសកម្មមនុស្សជាតិយ៉ាងធំធេង ព្រមទំាងនាំគ្រោះថ្នាក់ដល់រុស្ស៊ី និងចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
ការព្រមានបែបនេះរបស់ លោក Jim Mattis ធ្វើឡើងនៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី Face the Nation របស់ស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «សង្រ្គាមជាមួយកូរ៉េខាងជើង នឹងបណ្ដាលឱ្យមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បាត់បង់ជីវិត។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពីព្រោះកូរ៉េខាងជើងមានកាំភ្លើងធំរាប់រយ និងគ្រាប់រ៉ុក្កែតដែលអាចបាញ់ដល់ទីក្រុងសេអ៊ូល... របបដឹកនាំទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ សម្រាប់តំបន់ទាំងមូលរួមទាំងជប៉ុន និងកូរ៉េខាងត្បូង ក៏ប៉ុន្តែក្នុងករណីសង្រ្គាមផ្ទុះឡើងមែននោះ វាក៏នឹងក្លាយជាការគម្រាមកំហែងដ៏ធំដល់រុស្ស៊ី និងចិនផងដែរ... ដូច្នេះបើសិនជា យើងមិនរកមធ្យោបាយតាមផ្លូវការទូត ដើម្បីដោះស្រាយបញ្ហាទេនោះ វានឹងក្លាយជាគ្រោះមហន្តរាយមួយយ៉ាងពិតប្រាកដ»។
ទោះបីជាយ៉ាងនេះក្ដី លោក Jim Mattis បានបដិសេធនិយាយពីបន្ទាត់ក្រហមជាមួយកូរ៉េខាងជើង ហើយនៅពេលសួរថា ពេលដែលកូរ៉េខាងជើងដើរដល់ចំណុចមួយមិនអាចបកក្រោយបាន តើសហរដ្ឋអាមេរិកធ្វើយ៉ាងមេច? លោក Mattis បានត្រឹមនិយាយថា «ខ្ញុំមិនចង់បង្កើត កាលបរិច្ឆេទលើរឿងនេះទេ។ នៅពេលនេះអ្វីដែលយើងដឹង គឺខ្ញុំចង់រក្សាភាពស្ងប់ស្ងាត់ ត្បិតបច្ចុប្បន្នយើងអាចដឹងអ្វីពីកូរ៉េខាងជើង ដែលអ្នកមិនអាចដឹង»៕