(ព្យុងយ៉ាង)៖ គ្រប់ពេលបន្ទាប់ពីទទួលបានជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីល មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un តែងតែបង្ហាញ ស្នាមញញឹម ភាពស្និតស្នាល ព្រមទាំងរៀបចំពិធីអបអរសាទរជាមួយបុរសដ៏គួរចាប់អារម្មណ៍បីរូប នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ។
បុគ្គលទាំងបី តែងបង្ហាញវត្ថមានរួមជាមួយលោក Kim មិនថាក្នុងរូបថត ឬក្នុងកញ្ចក់ទូរទស្សន៍របស់ប្រទេស កូរ៉េខាងជើង ដែលបានទាក់ទាញការ ចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ភ្នាក់ងារសន្តិសុខ និងស៊ើបការណ៍របស់លោកខាងលិច ចាប់តាំងពីពួកគេក្លាយជាបុគ្គលកំពូល ប្រចាំប្រទេសផ្តាច់ការមួយនេះ ដែលតែងតែចូលរួមអបអរសាទរភាពជោគជ័យក្នុងកម្មវិធីមីស៊ីល។
បុគ្គលដ៏អាថ៌កំបាំងទាំងបីរូប រួមមានលោក Ri Pyong Chol អតីតឧត្តមសេនីយ៍ទ័ពអាកាសកំពូល លោក Kim Jong Sik អ្នកវិទ្យាសាស្ត្រផ្នែកគ្រាប់រ៉ុកកែត និងលោក Jang Chang Ha ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងចែកចាយអាវុធ។
តាមរយៈរូបថត និងវីដេអូក្នុងកញ្ចក់ទូរទស្សន៍បង្ហាញថា បុរសទាំងបីជាមនុស្សដែលលោក Kim ពេញចិត្តជាខ្លាំង។ ខុសពីមន្ត្រីផ្សេងទៀត បុរសពីររូបក្នុងចំណោមអ្នកទាំងបី អាចជិះយន្តហោះឯកជនរួមជាមួយលោក Kim ថែមទៀតផង ដែលយន្តហោះនេះមានឈ្មោះថា Goshawk-1 ជាឈ្មោះដាក់តាមឈ្មោះរបស់សត្វបក្សីដែលដំណាងឱ្យអត្តសញ្ញាណរបស់ប្រទេស កូរ៉េខាងជើង។
កាន់តែគួរចាប់អារម្មណ៍នោះគឺ លោក Kim Jong Sik និងលោក Jang មិនមែនជាមនុស្សដែលកើតក្នុងត្រកូលគ្រួសារខ្ពង់ខ្ពស់នោះទេ ដែលវាផ្ទុយពីបណ្តាមន្ត្រីកំពូលនានារបស់ប្រទេស កូរ៉េខាងជើង ដែលសុទ្ធតែជាមនុស្សលំដាប់ខ្ពស់។ អ្នកទាំងបីត្រូវបានមេដឹកនាំកំពូលកូរ៉េខាងជើង ជ្រើសរើសឡើងឱ្យកាន់ដំណែងដោយផ្ទាល់។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងបុរសដ៏គួរចាប់អារម្មណ៍ទាំងបីរូប៖
១៖ បុរសកំពូលដ៏សំខាន់៖
បុគ្គលដែលលេចធ្លោជាងគេក្នុងចំណោមអ្នកទាំងបីគឺលោក Ri Pyong Chol នេះបើយោងតាមការលើកឡើងរបស់អ្នកឯកទេស ផ្នែកភាពជាអ្នកដឹកនាំប្រចាំប្រទេសកូរ៉េខាងជើង។ លោកតែងតែបង្ហាញស្នាមញញឹម រាល់ក្នុងរូបថតនានា។ បុរសរូបនេះជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មអាវុធរបស់បក្សពលករ ដែលមើលការខុសត្រូវទៅលើការអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង នេះបើយោងតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងមន្ត្រីសហរដ្ឋអាមេរិក។ នាយកដ្ឋាននេះ ត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ជូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ ២០១០កន្លងទៅនេះ ចំណែកលោក Ri វិញ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកថា ជាបុគ្គលដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធប្រចាំប្រទេស កូរ៉េខាងជើង។ លោក Michael Madden អ្នកឯកទេសផ្នែកភាពជាអ្នកដឹកនាំប្រចាំប្រទេសកូរ៉េខាងជើង បានលើកឡើងថា «បុគ្គលដ៏សំខាន់ជាងគេ ក្នុងចំណោមអ្នកទាំងបី គឺលោក Ri Pyong Chol»។
លោកកើតក្នុងឆ្នាំ១៩៤៨ ទទួលបានការអប់រំក្នុងប្រទេសរុស្ស៊ី និងត្រូវបានលើកតម្កើន ខណៈដែលលោក Kim ចាប់ផ្តើមឡើងកាន់អំណាចនេះជាការលើកឡើង របស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងលោក Madden ។
លោក Ri ធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសចិនម្តង និងរុស្ស៊ីពីរដង។ លោកបានធ្វើកិច្ចជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន ក្នុងឆ្នាំ២០០៨ ក្នុងនាមជាមេបញ្ជាការទ័ពអាកាស និងជាគណៈប្រតិភូអមដំណើរលោក Kim Jong Il ក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រ ផលិតយន្តហោះរុស្ស៊ី ក្នុងឆ្នាំ២០១១។ «លោក Ri ទំនងជាបុគ្គលសំខាន់ក្នុងបក្សពលករ ទទួលបន្ទុកក្នុងកម្មវិធីនុយក្លេអ៊ែរ» នេះជាការលើកឡើងរបស់លោក Kim Jin-moo អ្នកឯកទេសផ្នែកបុគ្គលលេចធ្លោរបស់កូរ៉េខាងជើង និងអតីតអ្នកវិភាគប្រចាំរដ្ឋធានីសេអ៊ូល»។
២៖ អ្នកវិទ្យាសាស្ត្រគ្រាប់រ៉ុកកែត៖ក្នុងចំណោមអ្នកទាំងបីមានម្នាក់ជាអ្នកវិទ្យាសាស្ត្រផ្នែកគ្រាប់រ៉ុកកែតនោះគឺលោក Kim Jong Sik។ លោកចាប់ផ្តើមការងារក្នុងនាមជាអ្នកបច្ចេកទេស អាកាសនាវាស៊ីវិល ប៉ុន្តែបច្ចុប្បន្នលោកស្ថិតក្នុងឯកសណ្ឋានជាឧត្តមសេនីយ៍យោធា ប្រចាំនាយកដ្ឋានឧស្សាហកម្មអាវុធ។
លោក Madden លើកឡើងថានេះ លោក Kim Jong Sik បានទទួលតួនាទីជាឧត្តមសេនីយ៍ចាប់តាំងពីប្រទេស កូរ៉េខាងជើងទទួលបានជោគជ័យក្នុងការបាញ់គ្រាប់រ៉ុកកែតជាលើកដំបូងក្នុងឆ្នាំ២០១២កន្លងទៅនេះ ដែលជួយឱ្យលោកទទួលបានកេរិ៍តឈ្មោះជាខ្លាំង។
កាលពីឆ្នាំ២០១៦កន្លងទៅនេះលោក Kim Jong Sik បានធ្វើការនៅរដ្ឋាបាលអភិវឌ្ឍន៍អាវកាសជាតិ ឬហៅកាត់ថា NADA ជាកន្លែងដែលលោកនៅអម ជាមួយលោក Kim Jong Un ក្នុងបន្ទប់គ្រប់គ្រងបេសកកម្ម ដែលទទួលបានជោគជ័យក្នុងការបាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយកាលពីខែកុម្ភៈកន្លងទៅនេះ។ វីដេអូក្នុងកញ្ចក់ទូរទស្សន៍ធ្លាប់បានបង្ហាញសកម្មភាពរបស់លោកកំពុងស្ថិតនៅលើយន្តឯកជនជាមួយលោក Kim Jong Un ទៅកាន់ទីតាំងបាញ់គ្រាប់រ៉ុកកែត។
៣៖ បុរសដ៏អាថ៌កំបាំង៖
ចុងក្រោយ គឺលោក Jang Chang Ha ជាប្រធានអប់រំវិទ្យាសាស្ត្រការពារជាតិ ដែលពីមុនមកត្រូវបានហៅថា បណ្ឌិតសភាទីពីរ នៃវិទ្យាសាស្ត្រធម្មជាតិ។ អង្គភាពនេះ ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ និងស្រាវជ្រាវប្រព័ន្ធអាវុធទំនើប ក្នុងនោះរួមទាំងគ្រាប់មីស៊ីល ឬអាចជាអាវុធនុយក្លេអ៊ែរផងដែរ។ សហរដ្ឋអាមេរិកបាន សម្រេចដាក់ក្រុមនេះក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០១០កន្លងទៅនេះ ចំណែកលោក Jang ក៏ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីខ្មៅក្នុងខែធ្នូ ឆ្នាំ២០១៦ផងដែរ។
អង្គការនេះបានប្រមូលបច្ចេកវិទ្យា ឧបករណ៍ និងព័ត៌មានពីក្រៅប្រទេសដើម្បីប្រើប្រាស់ក្នុងកម្មវិធីអាវុធរបស់ខ្លួន។ ក្រោមការដឹកនាំរបស់លោក Jang ស្ថាប័ននេះមានបុគ្គលិក១៥,០០០នាក់ ក្នុងនោះរួមទាំងវិស្វករមីស៊ីល៣,០០០នាក់នេះ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង។ «បុរសខ្លាំងទាំងបីរូបនេះហើយ ដែលបាននាំកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងបន្តមានជីវិតរហូតដល់ដល់សតវត្សរ៍ទី២១» នេះជាការសំដីរបស់លោក Madden៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា