(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង​មួយគ្រាប់ នៅព្រឹកថ្ងៃចន្ទនេះមែន ចេញពីតំបន់ឆ្នេរភាគខាងកើត​របស់ខ្លួន ដែលនេះគឺជា​សញ្ញាណថ្មីមួយ​អាចបំផ្លាញដល់ កិច្ចខិតខំប្រឹងប្រែង​នៃរដ្ឋាភិបាល​កូរ៉េខាងត្បូង ក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងអន្តរកូរ៉េ។ នេះបើតាមយោធា​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។

យោងតាមយោធា​កូរ៉េខាងត្បូង គ្រាប់មីស៊ីលនេះ​អាចជាប្រភេទ​មីស៊ីល Scud ​ ត្រូវបានបាញ់នៅ​ម៉ោងប្រមាណ​ ៥៖៣៩នាទីព្រឹក ចេញពីតំបន់ Wonsan នៃខេត្ត Kangwon មុនធ្លាក់ ចូលក្នុង​សមុទ្រជប៉ុន ហើយវាអាចហោះបាន​ចំងាយ ៤៥០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ​យោធាកូរ៉េខាងត្បូង មិនទាន់បញ្ជាក់​លម្អិតអ្វីបន្ថែម​នោះទេ ដោយគ្រាន់តែ​និយាយថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការវិភាគ​លើគ្រាប់​មីស៊ីលនេះ។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៩​ដែលកូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីលផ្លោង គិតចាប់តំាង​ពីដើម​ឆ្នាំ២០១៧មក។ ម្យ៉ាងវិញទៀត​ការធ្វើ​តេស្ដនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំ G7​ ចាត់ទុកថា ការធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់កូរ៉េខាងជើង គឺជា ការគម្រាម​កំហែង​យ៉ាងធ្ងន់ធ្ងរ ហើយបាន​ព្រមានថា នឹងចាត់ធានការ​យ៉ាងតឹងរ៉ឹង​ ដើម្បីដោះស្រាយ​ជាមួយទីក្រុង​ព្យុងយ៉ាង ខណៈ​សហរដ្ឋអាមេរិក សម្រេចចិត្ត​បញ្ជូននាវាផ្ទុកយន្ដហោះ​ចម្បាំងទីបី​ មកកាន់តំបន់​ប៉ាស៊ីហ្វិកខាងលិច៕