(ឡុងដ៏)៖ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways នៅថ្ងៃអាទិត្យនេះ បានដំណើរការឡើងវិញហើយ នូវជើងហោះរបស់ខ្លួន ទាំងអស់ពីអាកាសយានដ្ឋានធំៗចំនួនពីរនៅឯទីក្រុងឡុងដ៍ បន្ទាប់ពីកើតមានបញ្ហាផ្នែកប្រព័ន្ធកុំព្យូទ័រជាលក្ខណៈទ្រង់ទ្រាយធំមួយដែលជាហេតុ បង្កការរាំងស្ទះខ្លាំងដល់អ្នកដំណើរ និងយន្តហោះត្រូវជាប់គាំងពុំអាចទៅណារួច កាលពីល្ងាចថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាម British Airways បញ្ហាផ្នែកប្រព័ន្ធព័ត៌មានវិទ្យា បានត្រឡប់ទៅរកភាពប្រក្រតីវិញ រីឯព្រលានយន្តហោះ Heathrow និង Gatwick ក៏បានបើក ដំណើរការឡើងវិញផងដែរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះ បញ្ហាកើតឡើងដែលរំខានដល់ អតិថិជនរបស់ខ្លួន។
គួរបញ្ជាក់ថា បើតាមការអះអាងពីក្រុមហ៊ុនអាកាសចរណ៍ Birtish Airways ពុំមានភស្តុតាងណាមួយបង្ហាញថាបញ្ហានេះ ត្រូវបានបង្កឡើងការវាយប្រហារផ្នែក ព័ត៌មានវិទ្យា (Hack) នោះឡើយ។ ក៏ប៉ុន្តែកាលពីខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន Delta Air Lines ក៏ជួបបញ្ហាស្រដៀងគ្នា នេះដែរ ដោយបង្ខំចិត្តលុប និងពន្យាពេលជើងហោះហើររាប់រយ ចំណែកឯក្រុមហ៊ុន Lufthansa និង ក្រុមហ៊ុន Air France ក៏ធ្លាប់ទទួលរងការរំខានដោយសារ បញ្ហាប្រព័ន្ធកុំព្យូរទ័របែបនេះ៕