(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្រឡប់មកដល់សហរដ្ឋអាមេរិកវិញហើយ កាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយ ព្យុះភ្លៀងនយោបាយដែលលោកបានបង្កឡើង ខណៈកូនប្រសារប្រុសរបស់លោក គឺលោក ហ្សារ៉ែត ឃូស្នឺ កំពុងស្ថិតក្រោមសំណាញ់ស៊ើប អង្កេតរបស់FBI ក្រោយលេចលឺព័ត៌មានថាទីប្រឹក្សាសេតវិមានរូបនេះ មានទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មាន New York Times នៅថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល០៩ថ្ងៃនៅឯបរទេស បន្ទាប់ពីចូលរួមកិច្ចប្រជុំ G7 នៅអ៊ីតាលី។ ក៏ប៉ុន្តែ ចាប់ពីម៉ោង នេះតទៅ លោកត្រាំនឹងត្រូវបានដោះស្រាយបញ្ហានៅក្នុងស្រុកវិញម្ដង ពាក់ព័ន្ធនឹងការធ្វើឱ្យ លេចធ្លាយព័ត៌មានសម្ងាត់ជាតិ ដែលកំពុងបង្កជា ភាពចម្រូងចម្រាស់យ៉ាងខ្លំាងនៅក្នុងចំណោមអ្នកនយោបាយអាមេរិក រហូតដល់មានគំនិតចង់ទម្លាក់លោកពីដំណែងជាប្រធានាធិបតីទៀតផង។ ជាងនេះទៅទៀត ក្រៅតែពីរឿងខ្លួនឯងបង្កឡើង លោកត្រាំ និងសេតវិមាន ក៏ត្រូវរកចម្លើយឱ្យសមរម្យ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ថា លោក ហ្សារ៉ែត ឃូស្នឺ មានទំនាក់ទំនងជាមួយរុស្ស៊ី ហើយគេក៏កំពុងរង់ចំាមើលផងដែរថា តើលទ្ធផលនៃដំណើរទស្សនកិច្ចនៅឯបរទេសដូចជា ការចុះកិច្ចព្រមព្រៀងលក់អាវុធ ១១០ពាន់លានដុល្លារឱ្យអាប៊ីសាអ៊ូឌីត និងការទទួលបានការគាំទ្រពីអ៊ីស្រាអែល អាចនឹងធ្វើឱ្យអ្នកនយោបាយ អាមេរិក ស្ងប់ចិត្តដែរឬយ៉ាងណា?
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ហ្សារ៉ែត ឃូស្នឺ បានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ ទីក្រុងវ៉ាស៊ីនតោន លោក សឺជី គីស្លីយ៉ាក់ (Sergey Kislyak) កាលពីខែធ្នូ ឆ្នាំ២០១៦ សំដៅបង្កើតបណ្ដាញទូរសព្ទសម្ងាត់មួយ រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត ឪពុកក្មេករបស់លោក និងទីក្រុងមូស្គូ ដើម្បីពិភាក្សាស្ដីពីសង្រ្គាមស៊ីរី និងបញ្ហាជាច្រើនផ្សេងទៀត៕