(មូស្គូ)៖ បណ្ដាប្រទេសលោកខាងលិច នឹងបាត់បង់រុស្ស៊ីជាដៃគូរ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករអន្តរជាតិ ក៏ដូចជានៅអឺរ៉ុប បើសិនជា ទណ្ឌកម្មថ្មីរបស់G7 ប្រឆាំងនឹងរុស្ស៊ីត្រូវបានអនុម័តមែននោះ។ នេះបើតាមលោក Frants Klintsevich ព្រឹទ្ធសមាជិកសភារុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះ របស់ព្រឹទ្ធសមាជិកសភារុស្ស៊ី លោក Frants Klintsevich ធ្វើឡើងបន្ទាប់ពីក្រុមប្រទេស មានឧស្សាហកម្មធំបំផុតទំាង០៧ ឬហៅថា G7 បានមូលមតិគ្នាពង្រឹងការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ។ លោក Frants បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖ «នៅថ្ងៃនេះ (ថ្ងៃសៅរ៍) ក្រុមមេដឹក នាំ G7 បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី ដែលនេះបង្ហាញយ៉ាងច្បាស់ថា ពួកគេគ្មានបំណងពិតប្រាកដប្រឈមមុខ នឹងពួកភេរវករអន្តរជាតិនោះទេ។ ប៉ុន្តែត្រូវចំាថាបើគ្មានរុស្ស៊ី ផែនការនេះមិនអាចសម្រេចបានឡើយ ... ហើយម្យ៉ាងវិញទៀត ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឱ្យប្រទេសលោកខាងលិច បាត់បង់ដៃគូរមិនខ្វះបាន ដូចជា រុស្ស៊ីក្នុងការប្រឆាំងនឹង ពួកភេរវករ»។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ម្សិលមិញ ក្រុមមេដឹកនំា G7 (មានជប៉ុន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា និងអ៊ីតាលី) បានដាក់លក្ខខណ្ឌថា នឹងដកទណ្ឌកម្មវិញ បើសិនជារុស្ស៊ីយល់ព្រមអនុម័តកិច្ចព្រមព្រៀងទីក្រុង Minsk សំដៅបញ្ចប់ជម្លោះនៅភាគខាងកើត ប្រទេសអ៊ុយក្រែន បើពុំដូច្នេះទេ ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ៕