(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងចិនពីរគ្រឿង បានហោះស្ទាក់ យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង នៅក្បែរតំបន់សមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយវាបានកើតឡើង ស្របពេលលេចលឺព័ត៌មានថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូននាវាពិឃាដទៅក្បែរកោះ សប្បនិម្មិតសាងសង់ដោយទីក្រុងប៉េកាំង នៅក្នុងតំបន់ជម្លោះ។ នេះបើតាមក្រុមមន្ត្រីអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧។
ក្រុមមន្ត្រីអាមេរិកដដែល នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា យន្ដហោះស៊ើបការណ៍អាមេរិក U.S. P-3 បានធ្វើការហោះហើរ ស្ថិតនៅចំងាយ ២៤០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងហុងកុង ក្នុងដែនអាកាសអន្តរជាតិ។ ប៉ុន្តែ នៅពេលនោះ យន្ដហោះចម្បាំងចិនពីរគ្រឿង បានហោះមកក្បែរ ដោយក្នុងនោះយន្ដហោះចម្បាំងចិនមួយគ្រឿងស្ថិតនៅចំងាយ១៨០ម៉ែត្រ ពីយន្ដហោះស៊ើបការណ៍អាមេរិក ហើយដែល នេះគឺជាសកម្មភាពហោះហើរគ្មានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ។ ទោះជាយ៉ាងនេះក្ដី ក្រសួងការពារជាតិចិន នៅថ្ងៃអាទិត្យនេះ បានច្រាន ចោលការចោទប្រកាន់ទំាងនេះ ដោយអះអាងថាវាមិនមែនជាការពិត ត្បិតយន្ដហោះចម្បាំងចិន បានហោះហើរមានវិជ្ជាជីវៈ និងសុវត្ថិភាព ត្រឹមត្រូវ ព្រមទាំងបញ្ជាក់ឡើងវិញផងដែរថាយោធាអាមេរិក គួរតែធ្វើចាត់វិធានការបញ្ជៀសសកម្មភាពគ្រោះថ្នាក់បែបនេះ ហើយថាកងទ័ពចិន មានកតាព្វកិច្ចការពារសនិ្តសុខ និងដែនអធិបតេយ្យភាពរបស់ចិន។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនមែនជាលើកចុងក្រោយដែរ ដែលឧបទ្ទវហេតុបែបនេះកើតឡើង ចំពេលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងនឹងគ្នានៅសមុទ្រចិនខាងត្បូង ជាទីដែលសហរដ្ឋអាមេរិក ចោទថាការសាងសង់កោះសប្បនិមិ្មត របស់ចិនជារឿងខុសច្បាប់ ខណៈខ្លួនកំពុងគាំទ្របណ្ដាប្រទេសជាភាគីជម្លោះជាមួយចិន៕