(ឡុងដ៍)៖ មនុស្សប្រមាណជា ១០០០នាក់ ក្នុងនោះមានទាំងតារាសម្ដែងហូលីវ៉ូត លោក John Boyega ត្រូវបានបង្ខំឲ្យធ្វើការជម្លៀសខ្លួនជា បន្ទាន់ចេញ ពីរោងមហោស្រព Old Vic ស្ថិតនៅក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការគម្រាមវាយប្រហារ បំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប៉ូលិសនៅក្នុងទីក្រុងឡុងដ៍ ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃសៅរ៍ នៅអំឡុងពេលនៃការសម្តែងមួយនៅក្នុងរោងមហោស្រព Old Vic។ ជាមួយគ្នានោះដែរ ក្រុមមន្ត្រីសន្តិសុខ ក៏បាននិយាយដែរថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងវត្ថុម្យ៉ាងដែលបានរកឃើញ នៅក្នុងរោងសាល ដូច្នេះហើយទើប ពួកគេសម្រេចចិត្តបញ្ឈប់ការសម្ដែង និងជម្លៀសអ្នកទស្សនា ព្រមទំាងលោក John Boyega ទៅកន្លែងមានសុវត្ថិភាពជាបន្ទាន់។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីវត្ថុសង្ស័យនោះនៅឡើយទេ ហើយក្នុងហេតុការណ៍នេះ ក៏មិនបានបណ្ដាលឱ្យមានជនរងគ្រោះណាម្នាក់ដែរ៕