(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានចំណាយអស់ពេលអស់មួយសប្តាហ៍ ធ្វើដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមក ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងភរិយាបានឡើងយន្តហោះ Air Force One ធ្វើដំណើរចាកចេញពីកោះ Sicily នៃប្រទេសអ៊ីតាលីហើយ ក្រោយពីបានបិទបញ្ចប់កិច្ចប្រជុំកំពូល G7 នាថ្ងៃសៅរ៍នេះ ដើម្បីវិលមកកាន់មាតុប្រទេសវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
សូមរំលឹកថា នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនៅឯក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីបានឡើងកាន់អំណាចកាលពីខែមករាកន្លងទៅ លោក ដូណាល់ ត្រាំ បានទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត, អ៊ីស្រាអែលនិងតំបន់ West Bank នៅក្នុងទឹកដីរបស់ប៉ាឡេស្ទីន, បុរីវ៉ាទីកង់, ចូលរួមកិច្ចប្រជុំអង្គការ NATO នៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក, និងជាចុងក្រោយចូលរួមកិច្ចប្រជុំ G7 នៅទីក្រុង Taormina លើកោះ Sicily នៃប្រទេសអ៊ីតាលី៕