(ស្រីលង្កា)៖ ចំនួនមនុស្សស្លាប់ដោយសារតែ គ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសស្រីលង្កា បានកើនដល់១០០នាក់នារសៀលថ្ងៃសៅរ៍នេះ ខណៈជនងរងគ្រោះ៩៩នាក់ទៀត បាននិងកំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
យោងតាមក្រសួងបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិស្រីលង្កា ទន្លេចំនួន០៥ខ្សែបានជន់លិច ដោយសារតែការបន្តធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់មួយចំនួននៃប្រទេស ដែលជាហេតុបានបណ្តាលឲ្យមនុស្សជាង ២០០,០០០នាក់ បានទទួលរងផលប៉ះពាល់ និងមិនតិចជាង ១២,០០០នាក់ឡើយ ត្រូវបានបង្ខំឲ្យជម្លៀសខ្លួន ទៅកាន់ទីទួលសុវត្ថិភាព។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលស្រីលង្កា ក៏បានបញ្ជូនអង្គភាពប្រតិកម្មបន្ទាន់ ដើម្បីជួយដល់ប្រជាជននៅតាមតំបន់រងគ្រោះ និងបានអំពាវនាវស្នើសុំជំនួយពីសំណាក់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជិតខាងថែមទៀតផង៕