បំផ្ទុះគ្រាប់បែកកក្រើកអាហ្វហ្គានីស្ថាន «ផ្តាច់ជីវិតកងកម្លាំងសន្តិសុខជិត ២០នាក់ និងរបួស០៦នាក់» ខណៈពីម្សិលមិញទើបមានមនុស្សស្លាប់ ២៥នាក់!
27-05-2017 15:14
(អាហ្វហ្គានីស្ថាន)៖ យ៉ាងហោចណាស់មនុស្ស ១៨នាក់ស្លាប់ និង០៦នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងករណីបំផ្ទុះរថយន្តនៅក្នុងចំណោមមនុស្សម្នាកកកុញ នៅទីក្រុង Khost ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានក្នុងថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
ការវាយប្រហារខាងលើនេះ គឺសំដៅទៅលើកងកម្លាំងការពារសន្តិសុខក្នុងតំបន់ ដែលកំពុងដង្ហែក្បួននៅតាមដងផ្លូវ ហើយក៏ត្រូវបានរងគ្រោះដោយការបំផ្ទុះរថយន្តតែម្តង។ ដោយឡែកជនស៊ីវិលនៅក្បែរខាង ក៏បានទទួលរងគ្រោះថ្នាក់ ជាមួយកងកម្លាំងសន្តិសុខទាំងនោះផងដែរ។ សាក្សីបានអះអាងថា ការផ្ទុះបានកើតឡើងនៅចំណតរថយន្តតាក់ស៊ី ហើយកងកម្លាំងរក្សាសន្តិសុខខាងលើនេះ បានគ្រោងធ្វើដំណើរឆ្ពោះទៅជុំរុំយោធា Chapman របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដែលស្ថិតនៅជាយក្រុងខាងលើ។
រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយការបំផ្ទុះរថយន្តខាងលើនេះឡើយ ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញនេះ មនុស្សយ៉ាងហោចណាស់ ២៥នាក់ ក្នុងនោះរួមមានទាំងកងទ័ព១៨នាក់ និងក្រុមអ្នកប្រយុទ្ធតាលីបង់ ០៧នាក់ បានស្លាប់នៅក្នុងការវាយឆ្មក់មួយរបស់ក្រុមឧទ្ទាមតាលីបង់ មកលើមូលដ្ឋានកងទ័ពអាហ្វហ្គានីស្ថាននៅខេត្ត Kandahar ៕