(គួឡាឡាំពួ)៖ កងកម្លាំងប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការក្តៅ និងចាប់ខ្លួនបុរសចំនួន០៦នាក់ ដែលអាជ្ញាធរសង្ស័យថា មានជាប់ទាក់ទិននឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេសពីចន្លោះថ្ងៃទី២៣ ដល់ទី២៦ ខែឧសភាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមត្ថកិច្ចម៉ាឡេស៊ី នៅក្នុងចំណោមជនសង្ស័យទាំងប៉ុន្មានរូបខាងលើ រួមមានទាំងជនគង្វាលគោម្នាក់ នៅក្នុងរដ្ឋ Kelantan ឈ្មោះ Muhammad Muzafa Arieff Junaidi ដែលបានចូលខ្លួនឲ្យចាប់តាមសម្រួល ក្រោយប៉ូលិសបានស្នើដល់សាធារណជនពាក់ព័ន្ធនឹងដំណឹងអំពីបុគ្គលនេះ ខណៈក្រុមសមត្ថកិច្ចបានជឿជាក់ថា ជនសង្ស័យរូបនេះ បានរត់ភៀសខ្លួនទៅកាន់ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីមានការជាប់ពាក់ព័ន្ធនឹង ការលួចនាំចូលអាវុធខុសច្បាប់ ឲ្យក្រុមសកម្មប្រយុទ្ធប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា ក្រៅពីនេះប៉ូលិសម៉ាឡេស៊ី ក៏បានចាប់ខ្លួនបងប្អូនប្រុសចំនួនពីរនាក់ រួមមានម្នាក់ជាគ្រួបង្រៀនសាសនានៅរដ្ឋ Perak និងអ្នកជំនួញតាមអនឡាញម្នាក់ រួមទាំងអតីតនាយទាហានចូលនិវត្តន៍ម្នាក់នៅរដ្ឋ Kedah ដោយសារបានគាំទ្រ ក៏ដូចជាលុយកាក់ដល់សកម្មភាពក៏ដូចជាចលនាក្រុម ISIS នៅស៊ីរី។ រីឯជនសង្ស័យពីរនាក់ចុងក្រោយនោះ គឺមន្ត្រីត្រួតពិនិត្យគុណភាពនៅរដ្ឋ Selangor និងបុរសគ្មានការងារធ្វើនៅរដ្ឋ Kedah៕