(សេអ៊ូល)៖ ស្ថាប័នព័ត៌មាន​រដ្ឋកូរ៉េខាងជើង បានអះអាងនៅថ្ងៃសៅរ៍នេះថា យន្តហោះគ្មានអ្នកបើកបរ (Drone) របស់យោធា​កូរ៉េខាង​ត្បូង បានបំពានចូល​ដែនអាកាសរបស់ខ្លួន​នាសប្តាហ៍នេះ ហើយបានចាត់ទុក​ទង្វើនេះថា ជាសកម្មភាព​បង្កហេតុយោធា​ដ៏អាក្រក់មួយ។​ នេះ​បើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋាភិបាល​កូរ៉េខាងជើង (KCNA) បានធ្វើសេចក្តីរាយការណ៍​ថា យន្តហោះ Drone ស៊ើបការណ៍​របស់កូរ៉េខាងត្បូង​មាន​ឈ្មោះថា Heron បានធ្វើការហោះហើរ​​នៅលើតំបន់ភាគលិចព្រំដែន​របស់ខ្លួន​ ចំនួនបួនលើក ចន្លោះម៉ោង ៧៖៤៦នាទីព្រឹក ដល់ម៉ោង ៨៖៤០នាទី​យប់ ថ្ងៃសុក្រម្សិលមិញនេះ។

KCNA បានបន្តថា ការរំលោភបំពានដែនអាកាស​នេះ​មានកម្រិតធ្ងន់ធ្ងរខ្លាំង ស្របពេលដែល​វាបានកើតឡើង​ចំពេលសហរដ្ឋអាមេរិក​​ បាន​បញ្ជូនយន្តហោះ Drone ស៊ើបការណ៍​យក្ស Global Hawk និងពលទាហាន​ប្រមាណ ១០០នាក់ទៀត ទៅកាន់មូលដ្ឋាន​ទ័ពអាកាស Yokoda នៃប្រទេស​ជប៉ុន ពីមូលដ្ឋានយោធា​របស់ពួកគេ​នៅឯកោះហ្គាំ ដោយយកលែសថា ជាភៀសខ្លួនពីការវាយប្រហារ​របស់ខ្យល់​ព្យុះ​ទីហ្វុង​ដ៏អាក្រក់មួយ។ ជាមួយគ្នានេះ​កូរ៉េខាងជើង ក៏បានទម្លាក់កំហុស​លើកូរ៉េខាងត្បូង សម្រាប់ការដុតរោល​ភាពតានតឹង​ផ្នែក​យោ​ធា​ផង​ដែរ និងបានព្រមាន​អំពីការឆ្លើយតបសងសឹក​ទៅវិញ ដោយឥតក្តី​មេត្តាឡើយ។

គួរបញ្ជាក់ថា កាលពីអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ របបដឹកនាំទីក្រុងព្យុងយ៉ាង​បានបង្កើនភាពតានតឹង​ផ្នែកយោធា តាមរយៈ​ការ​ធ្វើតេស្ត​មីស៊ីលផ្លោង​បន្តបន្ទាប់គ្នា ដែលអ្នកវិភាគ​ជាច្រើនបានអះអាង​ថា គឺជាតំរុយ​ស្តែងឲ្យឃើញ​ពីការរីកចម្រើន​យ៉ាងខ្លាំងក្លា របស់​កូរ៉េ​ខាង​ជើង​ ឈានទៅរកការ​អភិវឌ្ឍ​មីស៊ីលផ្លោង​រយៈចម្ងាយឆ្ងាយ ដែលមាន​សមត្ថភាពវាយប្រហារ​ដល់សហរដ្ឋអាមេរិក៕