(វ៉ាស៊ីនតោន)៖ អ្នកដំណើរម្នាក់លើយន្តហោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបុគ្គលម្នាក់នោះ បានព្យាយាមប្រើធ្មេញខាំបុគ្គលិកបម្រើការលើនោះ ហើយក៏បានបើកទ្វាររួចលោតចេញពីលើយន្តហោះ នៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
ស្របពេលដែលយន្តហោះដឹកអ្នកដំណើរក្នុងតំបន់ មួយគ្រឿងធុន Bombardier CRJ-200 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines បានចាប់ផ្តើមរំកិលឆ្ពោះទៅកាន់ផ្លូវហោះហើរ នៅឯអាកាសយានដ្ឋានអន្តរជាតិ Charlotte Douglas ដើម្បីត្រៀមរៀបចំហោះចាកចេញនោះ អ្នកដំណើរម្នាក់ឈ្មោះ Tun Lon Sein បានងើបចេញពីកន្លែងអង្គុយរបស់លោក ហើយដើរសំដៅទៅកាន់ទ្វាររបស់យន្តហោះ ដើម្បីព្យាយាមបើកវា ក៏ប៉ុន្តែត្រូវបានបញ្ឈប់សកម្មភាពដោយបុគ្គលិកបម្រើការលើយន្តហោះ។
ក្រោយមកទៀត លោក Sein ក៏បានប៉ុនប៉ងខាំបុគ្គលិកយន្តហោះម្នាក់នោះ រួចស្ទុះទៅបើកទ្វារមួយផ្សេងទៀត ហើយក៏លោតចេញពីលើយន្តហោះបានសម្រេច។ ភ្លាមៗនោះលោកក៏ត្រូវបានក្រុមការងារប្រចាំព្រលានយន្តហោះឃាត់ខ្លួន រួចនាំយកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសស្នាម។
អាជ្ញាធរអាមេរិកបានឲ្យដឹងថា ដោយសារតែ លោក Tun Lon Sein អាចនិយាយភាសាអង់គ្លេសបានតិចតួចបំផុតនោះ ពួកគេមិនដឹងអំពីមូលហេតុដែលបានបណ្តាលឲ្យរូបលោកប្រព្រឹត្តទង្វើបែបនេះឡើយ ប៉ុន្តែបានអះអាងថា មុនពេលកើតហេតុលោក Sein បានយល់ច្បាស់អំពីការណែនាំរបស់បុគ្គលិកបម្រើលើយន្តហោះ និងធ្លាប់បានធ្វើដំណើរតាមយន្តហោះកាលពីពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថា យ៉ាងណាមិញលោក Tun Lon Sein ត្រូវបានចោទប្រកាន់ពីបទបង្កបញ្ហា ដល់ក្រុមការងារនៅលើយន្តហោះដឹកអ្នកដំណើរ ក៏ប៉ុន្តែសវនាការរបស់លោកត្រូវបានពន្យាពេល ដោយសារតែបញ្ហានៃការបកប្រែហើយ លោក Sein នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ សាជាថ្មីនៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះ៕