(វ៉ាស៊ីនតោន)៖ លោកស្រី Megan Liberman និពន្ធនាយកនៃសារព័ត៌មាន Yahoo បានប្រកាសថា លោកស្រីនឹងចាកចេញពីក្រុមហ៊ុន បន្ទាប់ពីការរួមបញ្ចូលគ្នានៃ Yahoo! និងក្រុមហ៊ុនទូរគមនាគមន៍ Verizon បានបញ្ចប់រួចរាល់។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Liberman បានជូនដំណឹងខាងលើនេះ ដល់បុគ្គលិកទាំងអស់នៃសារព័ត៌មាន Yahoo! តាមរយៈសារអ៊ីម៉ែលមួយ ហើយការចាកចេញរបស់លោកស្រី ត្រូវបានចេញមុខបញ្ជាក់អះអាងដោយអ្នកនាំពាក្យរបស់ Yahoo!។ ក្រុមហ៊ុន Yahoo! កាលពីខែមេសាកន្លងទៅបានឲ្យដឹងថា នីតិវិធីនៃការទិញយករបស់ក្រុមហ៊ុន Verizon នឹងត្រូវបញ្ចប់នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០១៧នេះ ពោលគឺនៅក្នុងខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ថា លោកស្រី Megan Liberman បានកាន់តួនាទីជានិពន្ធនាយករបស់សារព័ត៌មាន Yahoo News កាលពីឆ្នាំ២០១៣ នៅពេលដែលរូបលោកស្រីបានចាកចេញពីកាសែត New York Times៕