(អ៊ីតាលី)៖ មេដឹកនាំកំពូលនៃប្រទេស G7 ដែលក្នុងនោះមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្លុកដ៏មានឥទ្ធិពលបំផុតលើលោកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈដែលក្តីព្រួយបារម្ភកំពុងតែកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារភេរវកម្មស្លាប់មនុស្ស ២២នាក់ និងរបួស ៦៤នាក់នៅអង់គ្លេសកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ដែលឈរលើ ១៥ចំណុចខាងលើនេះបានចែងថា ការប្រយុទ្ធប្រឆាំងនឹង «ពួកបង្កអំពើហិង្សាដ៏ជ្រុលនិយម ហើយនេះវារឿងដែលកំពុងនាំមុខគេរបស់ G7 ដែលត្រូវតែធ្វើការប្រយុទ្ធប្រឆាំង... ជាការប្រយុទ្ធប្រឆាំងក្នុងកម្រិតខ្ពស់ តាមរយៈកិច្ចការពារដ៏មុតមាំបំផុត ការស៊ើបអង្កេត និងកាត់ទោសចំពោះរាល់អំពើភេរវកម្មទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធ និងអ្នកគាំទ្រអំពើទាំងនោះ»។
បន្ថែមពីនេះទៀត មេដឹកនាំទាំងអស់ក៏បានប្តេជ្ញាផងដែរក្នុងការ «ប្រយុទ្ធប្រឆាំងការប្រើប្រាស់អ៊ីធើណែត ដោយភេរវករដើម្បីធ្វើការគ្រប់គ្រងកម្លាំង និងកែនអ្នកគាំទ្រ ហើយននឹងបំផ្លាញទំនាក់ទំនងរវាងពួកគេចេញពីក្រុមសកម្មប្រយុទ្ធដែលបង្កជម្លោះទាំងនោះ ព្រមទាំងកាត់ផ្តាច់ធនធាន និងបណ្តាញទាំងឡាយណា ដែលជួយផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមបង្កភេរវកម្ម»។
គួរបញ្ជាក់ថា កិច្ចប្រជុំ G7 ដែលកំពុងប្រារព្ធឡើងនៅទីក្រុង Taormina នៃកោះ Sicily របស់អ៊ីតាលី មានការចូលរួមពីបណ្តាមេដឹកនាំទ្វីបអាមេរិកខាងជើង ប្រទេសជប៉ុន និងបណ្តាប្រទេសអឺរ៉ុប ដោយជាធម្មតាគេតែងតែពិភាក្សាជាគោល លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងបញ្ហានានានៅលើពិភពលោក។ ប៉ុន្តែដោយសារតែអង់គ្លេសជាសមាជិក G7 ទើបតែបានទទួលរងអំពើភេរវកម្មដ៏ធ្ងន់ធ្ងរនោះ កិច្ចប្រជុំក៏បានងាកមកធ្វើការផ្តោតសំខាន់ខ្លាំងបំផុតទៅលើការកម្ចាត់ភេរវកម្ម ហើយវាពិតជាសមស្របទៅតាមអ្វីដែល លោក ដូណាល់ ត្រាំ ចង់បានផងដែរ៕