(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យរួមគ្នាអនុវត្តន៍ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង ប្រកបដោយភាពតឹងរ៉ឹង ម៉ឺងម៉ាត់ និងឲ្យអស់ពីលទ្ធភាព។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ដកស្រង់ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Lu ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃសុក្រម្សិលមិញ ស្របពេលដែល លោកស្រី Susan Thornton ឧបការីស្តីទីរបស់ក្រសួងការបរទេសអាមេរិក កំពុងបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ដើម្បីដោះដូរទស្សនៈជាមួយក្រុមមន្រ្តីចិន ពាក់ព័ន្ធនឹងស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ លោក Lu Kang បានគូសបញ្ជាក់សាជាថ្មីម្តងទៀត អំពីជំហររបស់ចិនលើបញ្ហានេះ ដោយលើកឡើងថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ គួរតែធ្វើឡើងតាមកិច្ចសន្ទនា និងកិច្ចចរចាដោយសន្តិវិធី។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនោះរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក៏បានអំពាវឲ្យមានដំណោះស្រាយសន្តិភាព លើបញ្ហានេះផងដែរ។ លោក Wang បានព្រមានថា ការប្រើប្រាស់កម្លាំងយោធា នៅឧបទ្វីបកូរ៉េនឹងមិនអាចជួយអ្វីបានក្រៅពីធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់នោះឡើយ៕