(វ៉ាស៊ីនតោន)៖ កូនប្រុសរបស់ព្រឹទ្ធសមាជិកប្រចាំរដ្ឋ Virginia និងជាអតីតបេក្ខភាពអនុប្រធានាធិបតីរបស់ លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានចោទប្រកាន់ពីបទល្មើសមជ្ឈិមនៅក្នុងរដ្ឋ Minnesota បន្ទាប់ពីមានរឿងហេតុកើតឡើង នៅកន្លែងជួបជុំមួយនៃអ្នកគាំទ្រ លោក ដូណាល់ ត្រាំ កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
លោក Linwood Michael Kaine ដែលជាកូនប្រុសពៅរបស់លោក Tim Kaine នាថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងអាមេរិក) ត្រូវបានរដ្ឋអាជ្ញាធ្វើការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសជាច្រើនរួមមានការរត់គេចខ្លួន, ការបិទបាំងអត្តសញ្ញាណនៅទីសាធារណៈ, និងការបង្កភាពរាំងស្ទះដល់ការអនុវត្តន៍ច្បាប់ តាមរយៈការចូលជ្រៀតជ្រែកក្នុងកិច្ចការអាជ្ញាធរ។ បទល្មើសចុងក្រោយគេនេះ អាចប្រឈមនឹងការផ្តន្ទាទោសរហូតដល់មួយឆ្នាំនៅក្នុងពន្ធនាគារ និងប្រាក់ពិន័យ ៣,០០០ដុល្លារ។
រដ្ឋអាជ្ញាតំបន់ Ramsey នៃខេត្ត Minnesota លោក John Choi បានឲ្យដឹងថា ក្រុមអ្នកតវ៉ាមួយចំនួនប្រឆាំងការជួបជុំរបស់ក្រុមអ្នកគាំទ្រ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ប្រដាប់ដោយសម្ភារៈបិទមុខនិងក្បាល បានព្យាយាមសម្រុកចូលទៅក្នុងទីកន្លែងនៃការជួបជុំនោះ ហើយពួកគេបានប្រើប្រាស់គ្រាប់បែកផ្សែង កាំជ្រួច និងវត្ថុផ្សេងៗទៀត ដែលបានបង្កជាស្ថានភាពគ្រោះថ្នាក់ និងវឹកវរជាទីបំផុត។
ក្រោយមកទៀតក្រុមមនុស្សទាំងនោះបានរត់គេច តែត្រូវឃាត់ខ្លួនបានដោយសមត្ថកិច្ច។ ខណៈពេលនោះ លោក Linwood Kaine ដែលរស់នៅក្នុងទីក្រុង Minneapolis បានបន្តរត់គេចពីមន្រ្តីប៉ូលិសម្នាក់ នៅមុនមន្រ្តីប៉ូលិសប៉ុន្មានរូបទៀតបានព្រួតគ្នាបង្ក្រាប លោក Linwood បន្ទាប់ពីបានវាយប្រតាយប្រតប់គ្នា។
គួរបញ្ជាក់ថា ជាមួយគ្នានោះមនុស្សចំនួន០៧នាក់ផ្សេងទៀត ក៏បានទទួលការចោទប្រកាន់បទល្មើសមជ្ឈិមផងដែរ ហើយពីរនាក់នៅក្នុងចំណោមនោះ ត្រូវបានចោទប្រកាន់ពីបទល្មើសឧក្រិដ្ឋ៕