(អង់គ្លេស)៖ តារាប៉ុបដ៏ល្បីល្បាញនៅអាមេរិក នាង Ariana Grande ដែលទើបរងភាពភ័យរន្ធត់ឥតឧបមាដោយសារតែការបំផ្ទុះគ្រាប់បែកក្នុងការប្រគុំតន្ត្រីរបស់នាង នៅទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះបានអះអាងថា នាងនឹងត្រឡប់មកកាន់ទីនេះម្តងទៀត ដើម្បីធ្វើការប្រគុំតន្ត្រីជាថ្មី ប៉ុន្តែនឹងជាតន្ត្រីនៃការរៃអង្គាសប្រាក់ សម្រាប់ជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះទាំងអស់។ នេះបើតាមការចេញផ្សាយដោយ The Guardian នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។
តារាចម្រៀងម្ចាស់បទ Focus រូបនេះបាននិយាយថា «ខ្ញុំសូមសម្តែងនូវការបួងសួង និងសមានទុក្ខយ៉ាងជ្រាលជ្រៅអស់ពីបេះដូង ជូនចំពោះជនរងគ្រោះទាំងអស់ ដោយសារការបំផ្ទុះគ្រាប់បែក»។ អ្នកចាត់ចែងកម្មវិធីរបស់នាងបានបញ្ជាក់ថា Ariana មានសេចក្តីក្លាហាន និងកំពុងរៀបចំគំរោងធ្វើដំណើរទៅ Manchester ជាថ្មីម្តងទៀត ដើម្បីប្រារព្ធការប្រគុំតន្ត្រី ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយជនរងគ្រោះទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ។
តារាវ័យក្មេងខាងលើនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំបានគិតគូរខ្លាំងណាស់ចំពោះអ្នកគាំទ្រទាំងឡាយរបស់ខ្ញុំ និងសម្រាប់អ្នករាល់គ្នា... ខ្ញុំមិនដែលស្ងប់ចិត្តឡើយមួយសប្តាហ៍មកនេះ។ អ្វីដែលអ្នកទាំងអស់គ្នា រាប់រងចំពោះរឿងទាំងអស់ បានបណ្តាលចិត្តខ្ញុំ និងធ្វើឲ្យខ្ញុំកាន់តែមានមោទនភាព ដែលអ្នកទាំងអស់គ្នាពុំធ្លាប់បានដឹង។» គួរបញ្ជាក់ថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯសាលប្រគុំតន្ត្រី Ariana Grande នៃទីក្រុង Manchester បានសម្លាប់មនុស្ស២២នាក់ (ក្នុងនោះរួមមានទំាងកុមារ) និងរបួសសរុប៦៤នាក់៕