(វ៉ាស៊ីនតោន)៖ រយៈពេល១៣ឆ្នាំបន្ទាប់ពីបានសម្រេចចិត្តបោះបង់ចោលការសិក្សា នៅឯសាកលវិទ្យាល័យអាមេរិក Harvard ដើម្បីផ្តោតការខិតខំប្រឹងប្រែងទាំងប៉ុន្មានទៅលើ Facebook នោះ លោក Mark Zuckerberg នៅទីបំផុតអាចនិយាយបានថា ទទួលបានសញ្ញាប័ត្ររបស់លោកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
មហាសេដ្ឋីវ័យ៣៣ឆ្នាំរូបនេះ បានឈានជើងវិលត្រឡប់ទៅកាន់សាកលវិទ្យាល័យ Harvard ដែលជាទីកន្លែងកំណើតរបស់បណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេបំផុតនៅពិភពលោកវិញ ជាមួយការទទួលសញ្ញាប័ត្រកិត្តិយស និងការថ្លែងសុន្ទរកថាបើកកម្មវិធីទទួលសញ្ញាប័ត្រសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា លោក Mark Zuckerberg បានចាកចេញពីសាកលវិទ្យាល័យ Harvard កាលពីខែឧសភា ឆ្នាំ២០០៤ បន្ទាប់ពីរូបលោកបានចាប់ផ្តើមដំណើរការវែបសាយ Facebook ជាមួយមិត្តភក្តិប៉ុន្មានរូបទៀត កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំដដែល។ មកទល់ពេលនេះ Facebook ដែលកំពុងស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំៗបំផុតនោះ មានចំនួនអ្នកប្រើប្រាស់កើនឡើងដល់ទៅជិតពីរពាន់លាននាក់ នៅជុំវិញពិភពលោក និងជាប់ឈ្មោះជាស្លាកយីហោ ដែលមានតម្លៃខ្ពស់ជាងគេទីបួនផងដែរ។ រីឯលោក Zuckerberg វិញកំពុងឈរឈ្មោះនៅក្នុងលេខរៀងទី០៥ នៃបុគ្គលដែលមានជាងគេបង្អស់ ជាមួយនិងទ្រព្យសម្បត្តិប្រមាណជា៦៤.២ពាន់លានដុល្លារ៕