(ឡុងដ៍)៖ យោងតាមការឲ្យដឹងពីសំណាក់សេវាសុខាភិបាលជាតិ នៃចក្រភពអង់គ្លេសនាថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងការវិវឌ្ឍន៍នៃស្ថានភាពរបស់ជនរងគ្រោះដែលបានទទួលរងរបួសធ្ងន់និងស្រាល ក្នុងករណីវាយប្រហារភេរវកម្មដ៏កក្រើក នៅទីក្រុង Manchester កាលពីដើមសប្តាហ៍នេះ ដែលបានឆក់យកជីវិតជនស្លូតត្រង់ចំនួន២២នាក់រួមមានទាំងកុមារផងដែរនោះ មនុស្សចំនួន៦៦នាក់ កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ខណៈជនរងគ្រោះ២៣នាក់ត្រូវការ ការមើលថែមទាំជាចាំបាច់បំផុត មិនអាចប្រហែសបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ហេតុការណ៍ផ្ទុះគ្រាប់បែកដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោងប្រមាណ ១០៖៣៥នាទី យប់ថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅមាត់ច្រកចេញខាងក្រៅសាលប្រគុំតន្រី្ត Manchester Arena ដែលមានការចូលរួមសម្តែងដោយតារាចម្រៀងប៉ុបដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺកញ្ញា Ariana Grande ស្របពេលដែលមនុស្សម្នាជាច្រើន ជាពិសេសយុវវ័យនិងកុមារបានចាកចេញមកវិញ។
គួរបញ្ជាក់ថា យោងតាមប៉ូលិសអង់គ្លេស អត្តឃាតជនបំផ្ទុះគ្រាប់បែកមានឈ្មោះថា Salman Abedi មានអាយុ២២ឆ្នាំ ដែលមានឪពុកឈ្មោះ Ramadan និងប្អូនប្រុស Hashem ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសលីប៊ី រីឯបងប្រុសឈ្មោះ Ismail ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Chorlton ស្ថិតនៅភាគខាងត្បូងទីក្រុង Manchester កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ មកទល់ថ្ងៃសុក្រនេះ អាជ្ញាធរចក្រភពអង់គ្លេសបានបន្តធ្វើការចាប់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ហើយ ដោយក្នុងនោះមានស្រីម្នាក់៕