(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានមូលមតិគ្នានៅថ្ងៃសុក្រនេះ ដើម្បីពង្រីកក៏ដូចជាពង្រឹងការដាក់និងអនុវត្តន៍ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង សម្រាប់ភាពរឹងទទឹងឥតចុះញ៉មរបស់រដ្ឋកុម្មុនិស្តមួយនេះ ក្នុងការអភិវឌ្ឍន៍កម្មវីធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង ក្នុងអំឡុងជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរ នៅអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
បន្ទាប់ពីលោក ត្រាំ និងលោក អាបេ បានធ្វើការជជែកពិភាក្សាក្នុងជំនួបទល់មុខគ្នា នៅឯកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅក្នុងទីក្រុង Taormina លើកោះ Sicily នៃប្រទេសអ៊ីតាលី សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «ប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឯកភាពគ្នាថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នាដើម្បីរឹងបន្តឹងទណ្ឌកម្មលើកូរ៉េខាងជើង ដោយរួមបញ្ចូលទាំងការតាមវែករកមុខ និងដាក់ទណ្ឌកម្មលើបុគ្គលឬក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានលួចគាំទ្រកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់របបដឹកនាំទីក្រុងព្យុងយ៉ាងថែមទៀតផង»។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាក្នុងការបន្តធ្វើឲ្យសម្ព័ន្ធភាពអាមេរិក-ជប៉ុន កាន់តែមានភាពរឹងមាំឡើង ព្រមទាំងបង្កើនសមត្ថភាពបង្ការក៏ដូចជាការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ កូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា ការកើនឡើងឥទ្ធិពលយ៉ាងខ្លាំងក្លា នៃអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង គឺជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតមួយសម្រាប់លោក ដូណាល់ ត្រាំ រួមទាំងលោក ស៊ីនហ្សូ អាបេ ស្របពេលដែលលោក ត្រាំ ធ្លាប់បានប្តេជ្ញានឹងធ្វើយ៉ាងណាទប់ស្កាត់កូរ៉េខាងជើង មិនឲ្យអាចបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរមកដល់សហរដ្ឋអាមេរិកបានឡើយ។ យ៉ាងណាមិញ អ្នកជំនាញជាច្រើនបានអះអាងថា ទីក្រុងព្យុងយ៉ាងអាចនឹងមានលទ្ធភាពធ្វើយ៉ាងដូច្នោះបាននៅក្រោយឆ្នាំ២០២០៕